ឯកឧត្តម គួច ចំរើន អញ្ជើញស្វាគមន៍ភ្ញៀវទេសចរបរទេសដោយផ្ទាល់ដល់ចំណតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុតែម្តងដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ជិត៨០០នាក់។
តាមព័ត៌មានដែលទទួលបានបញ្ជាក់ថាភ្ញៀវទេសចរតាមវានានេះ ខ្លះមានគម្រោងដើរលេងកម្សាន្តនៅតាមតំបន់រម្យណីដ្ឋាន បូជនីដ្ឋាន តំបន់ទេសចរណ៍ និងដើរតាមផ្សារជាដើម។ ក្រៅពីដំណើរកម្សាន្តនៅខេត្តព្រះសីហនុ ភ្ញៀវខ្លះគ្រោងទៅលេងខេត្តកំពត កែប ខ្លះទៀតទៅទីក្រុងភ្នំពេញ។ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនាវានេះ នឹងចាកចេញពីកម្ពុជាវិញហើយគ្រោងនឹងបន្តដំណើរទៅកាន់ប្រទេសថៃជាបន្តទៀត។
មន្ត្រីបញ្ជាក់ថា នាវាទេសចរណ៍នេះមានឈ្មោះ VIKING ORION មានសញ្ជាតិ NORWAY មានបណ្តោយ ២២៨.៨០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជម្រៅទឹក ៦.៥០ម៉ែត្រ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៧៨៩នាក់ ស្រី ៤១៩នាក់ មាន ១២សញ្ជាតិ និងមាននាវិកសរុប ៤៥៨នាក់ ស្រី ៩៥នាក់ មាន ៤៨សញ្ជាតិ៕ធ.ដ
ដោយ៖ បក្សី