មន្ត្រីជំនាញកំពូលៗក្នុងសេវាហិរញ្ញវត្ថុមកពីទូទាំងប្រទេសក្នុងសហគមន៍អាស៊ាន មកជួបជុំគ្នានៅរាជធានីភ្នំពេញ នៅក្នុងសន្និសីទធនាគារអាស៊ាន ចាប់ពីថ្ងៃទី២៥ដល់២៧ខែវិច្ឆិកានេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មន្ត្រីជំនាញកំពូលៗក្នុងសេវាហិរញ្ញវត្ថុមកពីទូទាំងប្រទេសក្នុងសហគមន៍អាស៊ាន បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងសន្និសីទប្រចាំតំបន់ដ៏សំខាន់មួយ ដែលផ្តោតទៅលើកំណែទម្រង់ប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និង សេវាហិរញ្ញវត្ថុនៅតំបន់អាស៊ីអាគ្នេយ៍ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩ ដែលរៀបចំឡើងពីថ្ងៃទី២៥ ដល់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសមាគមធនាគារកម្ពុជា(ABC)និងសមាគមធនាគារិកអាស៊ាន(ABA)ក្នុងនាមជាម្ចាស់ផ្ទះ។

នេះគឺជាលើកទី១ហើយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទធនាគារអាស៊ាននេះ ដែលតម្រូវឲ្យរាល់ប្រទេសជាសមាជិកសហគមន៍អាស៊ានទាំងអស់ ត្រូវដាក់វេនគ្នាធ្វើជាម្ចាស់ផ្ទះរៀងរាល់រយៈពេល២ឆ្នាំម្តង ។ សន្និសិទធនាគារអាស៊ានលើកទី២២នេះ ធ្វើឡើងក្រោមទស្សនទាន «ការផ្សារភ្ជាប់អាស៊ានឆ្នាំ២០២៥-ពិភពលោកដ៏ក្លែវក្លាថ្មីមួយនៃនវានុវត្តភាពប្រព័ន្ធឌីជីថល សម្រាប់វិស័យធនាគារអាស៊ាន តែមួយ (ASEAN Connectivity 2025 – a brave new world of digital innovation for one ASEAN banking sector)» ។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានស្វាគមន៍ដល់ប្រតិភូក្នុងសន្និសីទទាំង មូល ដោយបញ្ជាក់ថា ឯកឧត្តមពិតជាមានមោទនភាពណាស់ ដែលបានឃើញដំណើរវិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ក្នុងវិស័យធនាគារនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ស៊ាន ជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកល ។ ការធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗបានជួយបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋអាស៊ានច្រើនជាង៦០០លាននាក់ប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជាបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន មានន័យថា រាល់ភាគីពាក់ព័ន្ធទាំងអស់អាចសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក អនុវត្តតាមគ្នាទៅវិញទៅមក និង ប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ បើតាមប្រសាសន៍លោកបណ្ឌិត អ៊ិន ចាន់នី យើងមិនត្រឹមតែបានឃើញពីការរីកចម្រើនរបស់ក្រុមហ៊ុនធំៗក្នុងតំបន់ដូចជា Grab នៅសិង្ហបុរី ឬក៏ក្រុមហ៊ុន Go Jek នៅឥណ្ឌូនេស៊ី ដែលកំពុងតែឈានមុខគេក្នុងវិស័យនេះ ក្នុងការធ្វើឲ្យបច្ចេកវិទ្យាថ្មីៗមានភាពងាយស្រួលប៉ុណ្ណោះទេ។

លោកបន្ថែមទៀតថា យើងបានសិក្សារៀនសូត្រពីក្រុមហ៊ុនទាំងនោះ ហើយយើងកំពុងតែអភិវឌ្ឍក្រុមអ្នកច្នៃប្រឌិតផ្ទាល់ខ្លួនរបស់យើង ដូចជាក្រុមហ៊ុន PassApp ឬ Joonaak ដែលកំពុងតែនាំយកចំណេះដឹងក្នុងតំបន់របស់ពួកគេនៅទីនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលដ្ឋរបស់យើង ។ ពិតណាស់ យើងបានទទួលស្វាគមន៍ក្រុមហ៊ុន Grab និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ដើម្បីប្រតិបត្តិនៅទីនេះ ប៉ុន្តែយើងមានមោទនភាពណាស់ ដែលយើងមានទេពកោសល្យ និងមហិច្ឆតា ក្នុងការបង្កើត និង បង្កើនការប្រកួតប្រជែងក្នុងស្រុក ជាមួយនឹងក្រុមហ៊ុនធំៗប្រចាំតំបន់ទាំងនេះ ។

សូមបញ្ជាក់ថា មានប្រតិភូចំនួន៥០០នាក់ត្រូវបានរំពឹងទុកថា នឹងចូលរួមក្នុងសន្និសីទនៅថ្ងៃទី១ រួមជាមួយនឹងមន្ត្រីតំណាងជាច្រើនមកពីប្រទេសទាំង១០ក្នុងតំបន់អាស៊ាន និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀតទូទាំងតំបន់ ។ ខណៈថ្ងៃទី២នៃសន្និសីទដ៏សំខាន់នេះ ដែលត្រូវបានគាំទ្រដោយម្ចាស់ឧបត្ថមជាច្រើន ក្នុងនោះ រាប់បញ្ចូលទាំង ធនាគារ អេស៊ីលីដា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ និងធនាគារ ស៊ីអាយអិមប៊ី (CIMB) ធនាគារកាណាឌីយ៉ា និងធនាគារភ្នំពេញពាណិជ្ជ ក្នុងនាមជាដៃគូចម្បង គឺជាកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩ ហើយនិងត្រូវរៀបចំឡើងសម្រាប់សមាជិករបស់សមាគមធនាគារិកអាស៊ានប៉ុណ្ណោះ ។

សន្និសីទនេះ បានចាប់ផ្តើមជាមួយនឹងការស្វាគមន៍ដោយការរៀបចំពិធីជប់លៀងសំណេះសំណាលគ្នាមួយកាលពីថ្ងៃអាទិត្យ ហើយក៏នឹងមានការប្រកួតកីឡាវាយកូនគោល និងដំណើរទស្សនកិច្ចក្នុងទីក្រុង ក្នុងនោះរាប់បញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតម្បាញសូត្រ ក្នុងខេត្តតាកែវ សម្រាប់ប្រតិភូ និងដៃគូផងដែរ ដើម្បីណែនាំឲ្យពួកគេស្គាល់ពីភាពទំនើប និងភាពរស់រវើកនៃរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner