សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសម

អត្ថបទដោយ៖
Kien Sereyvuth

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា សង្ឃឹមថា លោកជំទាវនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុបកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា និងប្រជាជននៃសហភាពអឺរ៉ុប ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

នៅក្នុងឱកាសនោះ លោកជំទាវ Carmen Moreno បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសមនាពេលនេះ។
លោកជំទាវ Carmen Moreno បានសម្តែងនូវសេចក្តីរីករាយកដោយមើលឃើញនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សគួឱ្យកត់សម្គាល់។

តាមរយៈការរីកចម្រើននេះ ប្រទេសកម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនដែលកសាងប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ លោកជំទាវបានកោតសរសើរចំពោះការកំណែទម្រង់ជាច្រើន និងទទួលបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកជំទាវ Carmen Moreno បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ជាមួយនឹងសហភាពអ៊ឺរ៉ុបយ៉ាងជិតស្និត។

ក្នុងនោះ លោកជំទាវបានប្តេជ្ញាចិត្ត ក៏នឹងគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាព្រឹទ្ធសភា និងរដ្ឋសភាផងដែរ។ លោកជំទាវបានសន្យាជួយជំរុញឱ្យវិនិយោគិនអឺរ៉ុបបន្ថែមទៀត មកវិនិយោនៅប្រទេសកម្ពុជា។ លោកជំទាវបានកោតសរសើរចំពោះព្រឹទ្ធសភា ដែលបានពិនិត្យ ឱ្យយោបល់ច្បាប់ជាច្រើន និងបាននាំមុខក្នុងការចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ ពន្យល់អំពីច្បាប់ឱ្យប្រជាពលរដ្ឋបានយល់ និងមានជំនឿជឿជាក់លើការអភិវឌ្ឍ និងគោលនយោបាយថ្នាក់ជាតិ។

លោកជំទាវ Carmen Moreno បានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ជាមួយនឹងសហភាពអ៊ឺរ៉ុបឱ្យកាន់តែល្អប្រសើរថែមទៀត។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ប្រទេសកម្ពុជា និងសហភាពអឺរ៉ុប បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៤។ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតមក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះសហភាពអ៊ឺរ៉ុប ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណង លើផែនការអភិវឌ្ឍ យុទ្ធសាស្រ្តជាតិ វិស័យសេដ្ឋកិច្ច សង្គម សម្របសម្រួលពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល និងវិស័យជាច្រើនទៀត។ ជាមួយគ្នានេះ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប មានការកើនឡើង។

តាមរយៈជំនួយសហប្រតិបត្តិការអភិវឌ្ឍរបស់សហភាពអឺរ៉ុបសម្រាប់កម្ពុជា និងទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប បានរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា បានស្នើលោកជំទាវ Carmen Moreno ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរណ៍សហភាពអឺរ៉ុប មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា។ ប្រទេសកម្ពុជាបាននឹងកំពុងខិតខំកែសម្រួល និងកាត់បន្ថយនីតិវិធីផ្ទៃក្នុងរបស់ខ្លួន ដើម្បីសម្រួលដល់អ្នកវិនិយោគឱ្យមានភាពងាយស្រួល។ ទន្ទឹមនេះ ប្រទេសកម្ពុជាមានតំបន់រមណីយដ្ឋានវប្បធម៌ជាច្រើនកន្លែង និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងមានផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner