កិច្ចប្រជុំថ្នាក់តំបន់លើកទី១២ ស្តីពី ការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ និងគ្មានការអនុញ្ញាតពី (IUU)
សៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រុមការងារលេខាធិការដ្ឋានផែនការថ្នាក់តំបន់ ដែលមានទីស្នាក់ការនៅទីក្រុង Jarkarata ប្រទេស Indonesia បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់លើកទី១២ ស្តីពី ការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតពី (IUU) ដែលមានរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារ Angkor Paradise ខេត្តសៀមរាប។
ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកចំនួន១១ប្រទេស ក្នុងនោះ ប្រទេសជាសមាជិកអាស៊ានចំនួន៩ប្រទេស ប៉ាពូញូគីនា និងប្រទេសអូស្ត្រាលី ព្រមទាំង មានការចូលរួមពីអង្គការអន្តរជាតិពាក់ព័ន្ធនានាផងដែរ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងទី១ ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពថ្នាក់តំបន់ស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតពី (RPOA-IUU) ឆ្នាំ២០១៩។ ២- ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដែលបណ្តាប្រទេសជាសមាជិកជួបប្រទះក្នុងអនុវត្តផែនការថ្នាក់តំបន់ (RPOA) ស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (LU) ។ ៣- ដើម្បីរៀបចំផែនការសកម្មភាពថ្នាក់តំបន់ (RPOA) ស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUD) សម្រាប់អនុវត្តឆ្នាំ២០២០។
ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ លើកឡើង ដើម្បីជម្រាបជូនដល់កិច្ចប្រជុំអំពីការងារមួយចំនួនដែលរាជរដ្ឋាភិបាលសម្រេចបាន និងបានកំពុងដំណើរការ ដែលព្រះរាជាណាចក្រកម្ពុជា បានអនុម័តកិច្ចព្រមព្រៀង ស្តីពីវិធានការរដ្ឋដែលជាម្ចាស់កំពង់ផែកាលពីខែតុលា ឆ្នាំ២០១៩កន្លងមក។ បច្ចុប្បន្ន កិច្ចព្រមព្រៀង ស្តីពីវិធានការរដ្ឋជាម្ចាស់កំពង់ផែ ត្រូវបានបញ្ជូនទៅតំកល់ទុកនៅលេខាធិការដ្ឋានរបស់អង្គការស្បៀង និងកសិកម្មសហប្រជាជាតិ នៅទីក្រុងរ៉ូម ប្រទេស អ៊ុតាលី។
ឯកឧត្តម មានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយល់លើកិច្ចព្រមព្រៀង ស្តីពីផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ។ បច្ចុប្បន្នសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តន៍បទបញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ទាក់ទងនឹងការគ្រប់គ្រង និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ បាននឹងកំពុងដំណើរតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ក៏បានលើកឡើងផងដែរអំពីកិច្ចការមួយចំនួនដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងដំណើរការរៀបចំ រួមមាន៖ ១- កំពុងរៀបចំកែសម្រួលច្បាប់ ស្តីពីជលផល។ ២-រៀបចំផែនការសកម្មភាពជាតិពាក់ព័ន្ធនឹងការបង្ខារ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ដែលនឹងត្រូវចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ៣- កំពុងរៀបចំផែនការជាតិត្រួតពិនិត្យ និងអធិការកិច្ច ដែលនឹងត្រូវចុះហត្ថលេខាដោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម នុត ច័ន្ទសុខា បានសំណូមពរដល់ សមាជិកសមាជិកាក្នុងកិច្ចប្រជុំ ជាពិសេស បណ្តាប្រទេសជាសមាជិកចូលរួមសហការគ្នាឱ្យជិតស្និត និងទទួលខុសត្រូវខ្ពស់ទាក់ទងទៅនឹងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ។ ដៃគួរអភិវឌ្ឍន៍ និងបណ្តាប្រទេសដែលពាក់ព័ន្ធបន្តជួយឧបត្ថម្ភទាំងថវិកា និងបច្ចេកទេសដល់បណ្តាប្រទេសជាសមាជិកផងដែរ៕ធ.ដ
ដោយ ស៊ាន សុផាត