ឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូងឈានដល់ការឯកភាពគ្នាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោយចរចាគ្នាអស់រយៈពេលជាង៧ឆ្នំាំ
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ីបានឈានដល់ការព្រមព្រៀងគ្នាចុងក្រោយមួយស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីប្រទេសព្យាយាមចរចាគ្នាអស់រយៈពេលជាង៧ឆ្នំាកន្លះ ។
ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមក្នុងកិច្ចប្រជុំទ្វេភាគី ជុំវិញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកូរ៉េខាងត្បូង-ឥណ្ឌូណេស៊ី (CEPA) ។ ទន្ទឹមគ្នា ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងត្បូង-ឥណ្ឌូណេស៊ីនឹងចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ២០២០ខាងមុខ បន្ទាប់ពីការត្រួតពិនិត្យរួចរាល់ ។
បើតាមការគ្រោងទុកនោះ នៅពេលកិច្ចព្រមព្រៀង CEPA ត្រូវបានចុះហត្ថលេខា វានៅត្រូវការការផ្ដល់សច្ចាប័នពីសភារបស់ប្រទេសទាំងពីរជាបន្តទៀត ហើយនៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន នោះ៩៣ភាគរយនៃទីផ្សារឥណ្ឌូណេស៊ី នឹងត្រូវបើកចំហសម្រាប់កូរ៉េខាងត្បូង ក៏ដូចជាលុបចោលផងដែរ ពន្ធលើដែកថែប រថយន្ដ គ្រឿងបន្លាស់រថយន្ដ វាយនភណ្ឌ ខណៈកូរ៉េខាងត្បូងនឹងលើកលែងលើប្រេង bunker C និងសា្របៀរនាំចូលពីឥណ្ឌូណេស៊ី ៕ធ.ដ