រដ្ឋមន្រ្តីក្រសួងអប់រំអញ្ជើញចូលរួមសន្និសីទកំពូលនៃអង្គការ CONFEMEN លើកទី ៥៩
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជននិងកីឡាបានអញ្ជើញចូលរួមសន្និសីទ កំពូលនៃអង្គការ CONFEMENលើកទី៥៩ក្រោមប្រធានបទភាសាទី១និងភាសាយាននៅក្នុងប្រទេសជាសមាជិកនៃអង្គការ CONFEMENកាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២តាមប្រព័ន្ធអនឡាញ។ សន្និសីទ កំពូល ថ្នាក់រដ្ឋមន្ត្រីនេះ តែងប្រារព្ធរៀងរាល់ពីរឆ្នាំម្តងនេះ ។ សន្និសីទ នេះត្រូវបានរៀបចំឡើងនៅទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុក។


ប្រភពក្រសួងអប់រំ យុវជន និង កីឡាបានឱ្យដឹងថា សន្និសីទនេះ បានជជែកពិភាក្សា ពីឧត្តមានុវត្តនិងបញ្ហាប្រឈមផ្សេងៗ ដែល ជួបប្រទះ ក្នុងប្រព័ន្ធអប់រំនៃបណ្តាប្រទេសជាសមាជិក ជាពិសេស ប្រទេសដែលប្រើប្រាស់ភាសាបារាំងជាភាសាយាន។


បញ្ហានៃការឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៃបណ្តាប្រទេសទាំងអស់ក៏ត្រូវបានយកមកពិភាក្សាក្នុងសន្និសីទនេះផងដែរ។ ប្រទេសនីមួយៗត្រូវមានការយកចិត្តទុកដាក់ចំពោះបញ្ហា បច្ចេកទេសផ្ទាល់របស់ខ្លួនជាពិសេស ទៅលើបរិបទទំនៀមទម្លាប់ ប្រពៃណី និងការបណ្តុះបណ្តាលគ្រូបង្រៀន ដែលមិនអាចយក បទពិសោធន៍របស់ប្រទេស មួយទៅអនុវត្តទាំងស្រុងនៅក្នុង ប្រទេស មួយទៀតបាននោះទេ។
នៅក្នុងសន្និសីទ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានចែក រំលែក បទពិសោធន៍ របស់កម្ពុជាពាក់ព័ន្ធ បញ្ហាភាសាទី ១របស់ សិស្សនិងភាសាយាននៅក្នុងបរិបទកម្ពុជាដែលកម្ពុជាបានប្រើប្រាស់វិធីសាស្ត្រនេះនៅក្នុងការបង្រៀនដល់ក្រុមកុមារជនជាតិដើមភាគតិច ដើម្បីធ្វើយ៉ាងណាឱ្យពួកគេអាចមាន លទ្ធភាពក្នុងការសម្របខ្លួនទៅ ក្នុងប្រព័ន្ធអប់រំជាតិ តាមរយៈការប្រើប្រាស់ភាសាខ្មែរជា ភាសា យាន។
សូមបញ្ជាក់ថា អង្គការ CONFEMEN ជាអង្គការហ្វ្រង់កូហ្វូន ចំណាស់ មួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០ គឺមុន ការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (បង្កើតនៅថ្ងៃទី២០ខែមីនា ឆ្នាំ១៩៧០)។អង្គការធ្វើការងារពាក់ព័ន្ធ នឹងការលើកកម្ពស់វិស័យ អប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស។
អង្គការដើរតួនាទីក្នុងការសម្របសម្រួលដើម្បីឱ្យប្រទេសជាសមាជិកទាំងអស់អាចផ្លាស់ប្តូរមតិ យោបល់ បទពិសោធន៍ ឧត្តមានុវត្តន៍ និងការជួយគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការងារអប់រំ បណ្តុះ បណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដែលជាឬស គល់ចាំបាច់ក្នុង ពិភពហ្វ្រង់កូហ្វូន។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ អង្គការ មានសមាជិកចំនួន ៤៤ ប្រទេស ដែលនៅអាស៊ី-អាគ្នេយ៍ មាន ប្រទេសចំនួនបីជាសមាជិកពេញសិទ្ធិនោះគឺ កម្ពុជា ឡាវ និង វៀតណាម។
គោលដៅ និងអ័ក្សយុទ្ធសាស្ត្រ៖ អង្គការ CONFEMEN មានបេសកកម្មសំខាន់ចម្បងចំនួន ៣ គឺ៖ ការផ្តល់ព័ត៌មាន រវាងគ្នានឹងគ្នា ការត្រឹះរិះលើប្រធានបទដែលជាប្រយោជន៍រួម និងការពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីអប់រំ និងអ្នកជំនាញផ្នែកអប់រំ៕ដោយ៖រ៉ាវុធ