សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យពន្យារគម្រោងចំណាយទាំងឡាយដែលមិនបាំបាច់ នៅតាមស្ថាប័នរដ្ឋ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យពន្យារគម្រោងចំណាយទាំងឡាយដែលមិនបាំបាច់ នៅតាមស្ថាប័នរដ្ឋ ដោយត្រូវរង់ចាំឆ្លងផុតដំណាក់កាលកូវីដសិន សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដាក់បទបញ្ជាឲ្យស្ថាប័នរដ្ឋទាំងអស់ ត្រូវពន្យារពេលលើគម្រោងចំណាយផ្សេងៗ ដែលមិនទាន់ចាប់ផ្ដើមសាងសង់ដោយត្រូវរង់ចាំឆ្លងផុតដំណាក់កាលកូវីដ១៩សិន ហើយត្រូវត្រៀមបម្រុងលុយទុក។ នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់មន្ដ្រីរាជការទាំងអស់ ត្រូវកាត់បន្ថយការចំណាយផ្សេងៗ ដែលមិនចាំបាច់ ព្រោះរាជរដ្ឋាភិបាលកំពុងខ្វះខាតថវិកា ពេលកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យឧបនាយករដ្ឋមន្ដ្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវគ្រប់គ្រងការចំណាយទាំងអស់ ឲ្យបានម៉ឺងម៉ាត់បំផុតនៅក្នុងដំណាក់កាលនេះ គ្រាដែលរាជរដ្ឋាភិបាលត្រូវការថវិកាបន្ដទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅពេលនេះ។