ចិនជំរុញឱ្យគ្រប់ភាគីទាំងអស់រក្សាភាពអត់ធ្មត់ចំពោះវិបត្តិអ៊ុយក្រែន ខណៈអាមេរិកប្រកាសថ្កោលទោសរុស្ស៊ី
ប៉េកាំង៖ បេសកជនចិននៅថ្ងៃពុធសប្តាហ៍នេះបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងបញ្ហាអ៊ុយក្រែន អនុវត្តការអត់ធ្មត់ និងបានបញ្ជាក់ឡើងវិញនូវជំហររបស់ទីក្រុងប៉េកាំង លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់។
តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Zhang Jun បានប្រាប់កិច្ចប្រជុំពេញអង្គ នៃសម័យប្រជុំលើកទី 76 នៃមហាសន្និបាតអង្គការសហប្រជាជាតិថា នៅក្នុងបរិបទបច្ចុប្បន្ន គ្រប់ភាគីពាក់ព័ន្ធគួរតែអនុវត្តការអត់ធ្មត់ និងជៀសវាងការចាត់វិធានការណាមួយ ដែលអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងទៅលើវិបត្តិអ៊ុយក្រែន។
លោកបន្តថា ចិនបាននិងកំពុងយកចិត្តទុកដាក់លើស្ថានភាពវិវឌ្ឍនៅក្នុងប្រទេសអ៊ុយក្រែន។ គោលជំហររបស់ចិនលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋទាំងអស់ គឺមានភាពស៊ីសង្វាក់គ្នា។ គោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគួរតែត្រូវបានអនុវត្តរួមគ្នា។
លោក Zhang ក៏បានគូសបញ្ជាក់អំពីភាពស្មុគស្មាញនៃបញ្ហាអ៊ុយក្រែនផងដែរ។ លោកមានប្រសាសន៍ថា “យើងកត់សំគាល់ថា បញ្ហាអ៊ុយក្រែនត្រូវបានចាក់ឫសនៅក្នុងបណ្តាញស្មុគស្មាញនៃកត្តាប្រវត្តិសាស្ត្រនិងបច្ចុប្បន្ន។ អន្តរកម្មនៃកត្តាទាំងនោះបានជំរុញស្ថានភាពដល់ចំណុចនេះ” ។
លោក Zhang បន្ថែមថា ចិនអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ទទួលស្គាល់ពីសារៈសំខាន់នៃការអនុវត្តគោលការណ៍សន្តិសុខដែលមិនអាចបំបែកបាន, បន្តចូលរួមកិច្ចសន្ទនា និងការពិគ្រោះយោបល់ ព្រមទាំងស្វែងរកដំណោះស្រាយសមហេតុផល ដែលដោះស្រាយបញ្ហាទុក្ខកង្វល់របស់គ្នាទៅវិញទៅមក តាមរយៈមធ្យោបាយសន្តិភាព ដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ក្នុងគោលបំណងសម្របសម្រួលដំណោះស្រាយការទូតមួយ៕ ប្រភព៖ CGTN ប្រែសម្រួលដោយ៖ ឈឹម ទីណា




