ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ បេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវបន្តយកចិត្តទុកដាក់បម្រើសេវាតម្រូវការជូនពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត

កណ្ដាល ៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានប្រាប់មន្រ្តីបេក្ខជនក្រុមប្រឹក្សាឃុំ បន្តយកចិត្តទុកដាក់បម្រើសេវាតម្រូវការជូនពលរដ្ឋឲ្យបានល្អ ដើម្បីឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ នាពេលខាងមុខ ។ នេះជាការបញ្ជាក់របស់ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍របស់រណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលស្ដីពីសភាពករណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២១ និងទិសដៅកិច្ចឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ឆ្នាំ២០២២នេះ សភាពការណ៍អន្តរជាតិទាំងក្នុងក្របខ័ណ្ឌសកល និងតំបន់ នៅតែវិវត្តយ៉ាងស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ។

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា នៅក្នុងបរិការណ៍នេះ គណៈបក្សប្រជាជនកម្ពុជា បានប្រមូលផ្ដុំកម្លាំង ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញផង និងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផង ជាមួយនឹងការរស់នៅតាមគន្លងប្រក្រតីភាពថ្មីៗ ជាពិសេស ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ជាការប្រកួតប្រជែង តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលគណបក្សប្រជាជន ត្រូវខិតខំដណ្ដើមឈ្នះ ដើម្បីពង្រឹងការដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតសាកលថ្នាក់ជាតិនីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខទៀត។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានផ្តាំផ្ញើដល់មន្ត្រីគណបក្សចុះមូលដ្ឋាន និងបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៥ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បន្ដការតាមដានក្តាប់ជាប់សភាពការណ៍ យកចិត្តទុកដាក់លើកកម្ពស់ការអនុវត្តគោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ក្នុងគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ដើម្បីធានាជោគជ័យ ក្នុងការអនុវត្តការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស “រក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ ២០២៣ ៕ ដោយ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner