អគ្គនាយកដ្ឋានគយ កែសម្រួលការនាំសាច់បង្កក និងទំនិញបង្កក ចូលកម្ពុជា

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកែសម្រួលវិធានការ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវី៥-១៩ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ចូលមកព្រះរាជាណាចក្រកម្ពុជា។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការកែសម្រួលនេះ ដោយសារសង្កេតឃើញស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសវីរុសប្រភេទ Delta នៅតាមបណ្តាប្រទេស ប្រភពនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតចូលមកកម្ពុជា មានភាពធូរស្រាល ស្របពេលដែលស្ថានភាពការរីករាលដាល នៃវីរុសប្រភេទ បំប្លែងថ្មី អូមីក្រុង ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ហើយលទ្ធផល នៃការធ្វើតេស្ត លើសាច់បង្កក នាពេលកន្លងមក ពុំឃើញមានវត្តមានវិរុសកូវីដ-១៩ ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងដែរថា ការសម្រេចលើកលែង “ការតម្រូវឱ្យមាន វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនាំចេញ” ដូចមានចែងក្នុងចំណុច ២ នៃលិខិតលេខ ២២៩៩/២១ អគរ ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ដោយឡែក ចំពោះមុខទំនិញត្រជាក់ និងទំនិញបង្កក នាំចូលពីប្រទេសជិតខាង មន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចត្រូវបន្តអនុវត្តវិធានការអនាម័យ និងវិធានការសុខាភិបាល ឲ្យបានហ្មត់ចត់ ដោយបាញ់ថ្នាំសម្លាប់មេរោគ លើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ៕

ដោយ៖ ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner