ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ នឹងចូលមកដល់នាថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១នឹងខិតជិតចូលមកដល់ នាថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ដោយត្រូវប្រណាំងឆ្លងកាត់ខេត្ត៤ គឺខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ហើយក្នុងនោះភ្នំបូកគោត្រូវបានអ្នកជំនាះញអះអាងថានឹងបានក្លាយជាគោលដៅដ៏សំខាន់ដ៏ទាក់ទាញបំផុត សម្រាប់អ្នកជិះកង់ជើងខ្លាំងលើពិភពលោក។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអះអាងនៅក្នុងសន្និសីទសារព័ត៌មាន ចុងសប្តាហ៍នេះថា ការប្រណាំងកង់ពិភពលោកនេះត្រូវប្ដូរការប្រកួតដំណាក់កាលចុងក្រោយ មកបញ្ចប់នៅខេត្តកែប ជំនួសខេត្តព្រះសីហនុវិញ ព្រោះខេត្តព្រះសីហនុ កំពុងត្រូវបានស្ថាបនា ដែលសម្ពោធដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្មីៗនេះ។
ឯកឧត្តមបន្ថែមថា ការប្រណាំងកង់ជិះវាងទីរួមខេត្តព្រះសីហនុនេះមិនប៉ះពាល់ដល់ការផ្សព្វ ផ្សាយតំបន់ឆ្នេរស្អាតរបស់កម្ពុជា ក៏ដូចជាការរៀបចំឡើយ ព្រោះខេត្ត៣ទៀត ក៏មានឆ្នេរស្អាតស្ថិតក្នុងឆ្នេរកម្ពុជា ដែលជាសមាជិកក្លឹបឆ្នេរស្អាតពិភពលោកដែរ ខណៈគោលដៅដ៏សំខាន់របស់អ្នកចូលរួម គឺផ្តោតលើតំបន់ណាមានការប្រកួតប្រជែងខ្ពស់ ពិសេសតំបន់ឡើងភ្នំ ដូចជាភ្នំបូកគោជាដើម ដែលបានក្លាយជាគោលដៅសំខាន់មួយ សម្រាប់អ្នកជិះកង់អាជីពកម្រិតខ្ពស់។
សូមបញ្ជាក់ថា ការប្រណាំងកង់ពិភពលោកតំបន់ឆ្នេរកម្ពុជាលើកទី១នេះមាន២០ក្រុមមកពីជិត២០ប្រទេសមកពីគ្រប់ទ្វីប ដោយមានអត្តពលិក ប្រមាណ២០០នាក់ចូលរួម ដែលសុទ្ធសឹងជាអ្នកជិះកង់កម្រិតអាជីព ក្រោមការសហការបច្ចេកទេសរៀបចំពីសព័ន្ធកីឡាប្រណាំងកង់អន្តរជាតិ UCI៕