ឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារជាមួយអភិបាលក្រុងប៊ូសាន

អត្ថបទដោយ៖
Kien Sereyvuth

អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលក្រុងប៊ូសាន ឯកឧត្តម អូ ខដុន (Oh Keo-don)។

លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់អភិបាលក្រុងប៊ូសាន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមក្នុងដំណើរបំពេញបេសកកម្មការងារនៅទីក្រុងប៊ូសាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការសោកស្តាយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនបានអញ្ជើញចូលរួមកិច្ចប្រចុំកំពូលរំលឹកខួប៣០ឆ្នាំអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកដំបូង ដោយសារមានធុរៈម្តាយក្មេកឈឺធ្ងន់។

ក្នុងជំនួបសម្តែងការគួរសមនេះឯកឧត្តមអភិបាលក្រុងប៊ូសាន បានរៀបរាប់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពីគម្រោងកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរនូវទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ ជាមួយអាស៊ាន។ ជាពិសេសកម្មវិធីអមកិច្ចប្រជុំកំពូលចំនួន៥រួមមាន៖ ១. កម្មវិធីមហោស្រពអាហារអាស៊ាន។ មហោស្រពអាហារអាស៊ាននេះ អភិបាលក្រុងប៊ូសាន បានអះអាងថា ស្តង់អាហាររបស់កម្ពុជាទទួលបានការចាប់អារម្មណ៍ ហើយប្រជាពលរដ្ឋកូរ៉េជាច្រើនបានចូលភ្លក្សអាហារ, ទី២. កម្មវិធីរៀបចំដាក់ឈ្មោះវិថីមួយប្រវែងប្រមាណ ២គីឡូម៉ែត្រស្ថិតជាប់មជ្ឈមណ្ឌលវប្បធម៌អាស៊ាន ដែលវិថីមានឈ្មោះថា «វិថីអាស៊ាន» ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃទំនាក់ទំនងសាធារណៈរដ្ឋកូរ៉េ និងអាស៊ាន, ទី៣. កម្មវិធីអបអរសាទរទីក្រុងឆ្លាតវៃរបស់អាស៊ាន (Smart ASEAN CITY) ដែលក្នុងឱកាសនោះទីក្រុងប៊ូសាន បានបង្កើតទីក្រុងបច្ចេកវិទ្យាប៊ូសាន, ទី៤. កម្មវិធីបង្កើតមជ្ឈមណ្ឌលប្រជាជនបរទេសសម្រាប់ជនបរទេសមករស់នៅ និងធ្វើការនៅទីក្រុងប៊ូសាន ដែលមជ្ឈមណ្ឌលនេះជាកន្លែងបង្ហាញវប្បធម៌ និងផ្តល់ព័ត៌មានផ្សេងៗ និងទី៥. កម្មវិធីបង្កើតអង្គការភាពយន្តអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដែលគម្រោងបង្កើតអង្គការភាពយន្តអាស៊ាន-សាធារណរដ្ឋកូរ៉េនេះ នឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងស្វាគមន៍ និងគាំទ្រចំពោះគម្រោងបង្កើតអង្គការភាពយន្តអាស៊ាន-សាធារណរដ្ឋកូរ៉េនេះ។

បើតាមលោកជំទាវ អ៊ាត សោភា នៅក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើទៅកាន់អភិបាលក្រុងប៊ូសាន ពង្រឹងកិច្ចសហប្រតិបត្តិការរាជធានីភ្នំពេញ លើការងារសំខាន់ៗមួយចំនួនរួមមាន៖ ការរៀបចំទីក្រុងឆ្លាតវៃ (Smart City), ការរៀបចំកិច្ចសហប្រតិបត្តិការខាងផ្នែករៀបចំទីក្រុង និង កិច្ចសហប្រតិបត្តិការគ្រប់គ្រងទឹកកខ្វក់។

អភិបាលក្រុងប៊ូសាន បានសម្តែងការរីករាយ ហើយនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញ។

អភិបាលក្រុងប៊ូសាន ក៏បានបង្ហាញពីបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកកំពង់ផែក្នុងក្រុងប៊ូសាន ដែលជាកំពុងផែដ៏ធំមួយលើពិភពលោកជាមួយកំពង់ផែរបស់កម្ពុជា។ ឯកឧត្តមអភិបាលក្រុងប៊ូសាន ក៏បង្ហាញបំណងចង់អភិវឌ្ឍលើវិស័យភាពយន្តជាមួយនឹងកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសម្តែងការស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះបំណងចង់បើកិច្ចសហប្រតិបត្តិការលើការងារទាំងពីរខាងលើនេះ។

នៅក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន ស្នើឱ្យអភិបាលក្រុងប៊ូសាន បន្តផ្ដល់ការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះសុខមាលភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រុងប៊ូសាន។

សូមបញ្ជាក់ថា ទីក្រុងប៊ូសាន ជាទីក្រុងមួយដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៩ពាន់នាក់កំពុងរស់នៅ និងធ្វើការនៅក្នុងទីក្រុងមួយនេះ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner