កម្ពុជា បានបំបែកកំណត់ត្រាពីរ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាប៉ូល និងប៉េតង់ជើងឯកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩
បើតាមការអោយដឹងពី ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា បានអោយដឹងថា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាប៉ូល និងប៉េតង់ជើងឯកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ ដែរបានចាប់ផ្ដើមដំណើរការប្រកួតកាលពីថ្ងៃទី១៩ ហើយបានបញ្ចប់នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កម្ពុជា បានបំបែកកំណត់ត្រាពីរ ដែលមិនទានមានប្រទេសណាអាចធ្វើបាន នៅឡើយទេ ។
ឯកឧត្តម សុខ សប្បាយណា បានអោយដឹងថា កំណត់ត្រាពីរដែលកម្ពុជាបានបំបែកនោះ រួមមាន ទី១ គឺមានប្រទេសចូលរួមច្រើនរហូតដល់៤៩ប្រទេស នេះ គឺជាឯកទាក់កម្មថ្មីរបស់ពិភពលោកមួយ ព្រោះជាធម្មតាការប្រកួតពិភពលោក ដែលរៀបចំនៅប្រទេសមួយចំនួនកន្លងមកមានតែ៤២ទៅ៤៥ប្រទេសប៉ុណ្ណោះ ទាំងនេះអាចនិយាយបានថា វាជាកំណត់ត្រាថ្មីមួយសម្រាប់ព្រឹត្តិការណ៍ប្រកួតកម្រិតពិភពលោកផងដែរ។ ទី២ ម្ចាស់មេដាយមាសជើងឯកពិភពលោក៣ជំនាន់ជាប់ៗ វីរកីឡាការិនី កែ ឡេង បានក្លាយជាម្ចាស់មេដាយមាស៤សម័យកាលជាប់ៗគ្នា ដែលបានបំបែកកំណត់ ត្រា ប្រវត្តិសាស្ត្រថ្មីមួយលើពិភពលោក ដោយមិនទាន់មានកីឡាការិនីនៃប្រទេសណាមួយអាច គ្រប់គ្រងមេដាយមាស៤សម័យកាលជាប់ៗគ្នាដូចអ្នកស្រី កែ ឡេង របស់កម្ពុជាបែប នេះ ឡើយ។
សូមបញ្ចាក់ថា សម្រាប់លទ្ធផលនៃការប្រកួតកីឡាប៉ូល និងប៉េតង់ជើងឯកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ វិញ្ញាសា ស្ត្រី វាយយកពិន្ទុ ជ័យលាភីលេខ១ បានទៅកីឡាការិនី កែ ឡេង របស់ព្រះរាជាណាចក្រកម្ពុជា វិញ្ញាសា ស្ត្រី៣ទល់៣ លេខ១ បានទៅក្រុមកីឡាការិនីរបស់ព្រះរាជាណាចក្រថៃ វិញ្ញាសា យុវជន វាយយកពិន្ទុ លេខ១ បានទៅកីឡាករ របស់ព្រះរាជាណាចក្រថៃ និងវិញ្ញាសា យុវជន ៣ទល់៣ លេខ១ បានទៅក្រុមកីឡាកររបស់សាធារណៈរដ្ឋ បារាំង ។