ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់
ហុងកុង៖ គិតត្រឹមរសៀលថ្ងៃចន្ទនេះ ក្រុមបេក្ខជនដែលមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យទទួលបានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាសង្កាត់ ជាមួយអាសនៈប្រមាណ៣៩០ ក្នុងចំណោមអាសនៈសរុបជាង៤៥០ នេះបើតាមអាជ្ញាធររៀប ចំការបោះឆ្នោតនៅហុងកុង ។
ប្រជាជនហុងកុងយ៉ាងតិច ២.៩៤ លាននាក់បានចូលរួមបោះឆ្នោត លើសឆ្នាំ២០១៥ រហូតដល់ទៅជាងពាក់កណ្តាល ដែលកាលនោះមានត្រឹម១.៤៧លាននាក់ប៉ុណ្ណោះបានទៅបោះឆ្នោត ។ ក្រុមប្រឹក្សាសង្កាត់នៃទីក្រុងហុងកុង មានតួនាទីចាត់ចែងលើការចំណាយខ្លះៗ ហើយមានសិទ្ធិសម្រេចលើបញ្ហាមួយចំនួន ប៉ុន្តែក៏អាចបម្រើជាវេទិកាមួយ ដើម្បីបន្សាយឥទ្ធិពលនយោបាយនៅក្នុងទីក្រុងផងដែរ ។
ទន្ទឹមគ្នានេះ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានថ្លែងថា រដ្ឋបាលក្រុងពិតជានឹងស្តាប់មតិរបស់ពលរដ្ឋដោយការប្រុងប្រយ័ត្នជាងមុន ដើម្បីឆ្លុះបញ្ចាំងដល់ពួកគេអំពីការយកចិត្តទុកដាក់របស់យើង ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានថ្លែងនៅថ្ងៃចន្ទនេះដែរថា ទោះបីជាមានអ្វីកើតឡើងក៏ដោយ ក៏ទីក្រុងហុងកុងនៅតែជាផ្នែកមួយរបស់ប្រទេសចិនជានិច្ច ៕