ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និង ការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅខេត្តបាត់ដំបង (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

ការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់ក្នុងការចែករំលែកបទពិសោធន៍ នៃ ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូនូវក្នុងវិស័យអប់រំនៅក្នុងខេត្តបាត់ដំបងរយៈពេលពីរថ្ងៃនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុក្រឹត្យស្តីពីការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលរាជរដ្ឋាភិបាលបានកំណត់និងដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨កន្លងមកនេះ។
      
        នេះជាការថ្លែងបើកអង្គសិក្ខា របស់ឯកឧត្តមរដ្ឋមន្ត្រីមុខងារសាធារណៈនិងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នៅក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន៍ និងជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក នៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកានេះ ក្នុងគោលបំណងដើម្បីប្រមូលផ្តុំបញ្ញាញាណរបស់យើងក្នុងការកែលម្អសេវាសាធារណៈនៃវិស័យអប់រំឱ្យកាន់តែល្អប្រសើ
រតាមការចង់បានរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាយើង។ ឯកឧត្តម កិត្តិបណ្ឌិត ពេជ ប៊ុនធិន ក៏បានគូសបញ្ជាក់ទៀតថា៖ ការរៀនសូត្រពីបទពិសោធន៍បរទេសអាចឱ្យយើងទទួលបាន នូវ ទស្សនាទានថ្មីៗ។ប៉ុន្តែការរៀនសូត្រពីគ្នាយើង ទៅវិញ- ទៅមកវាមិនត្រឹមតែផ្តល់ទស្សនាទានថ្មីៗប៉ុណ្ណោះទេ។ ប៉ុន្តែវានិងផ្តល់នូវចំណេះដឹង ដែលត្រូវនឹងបរិបទនៃការងារផ្តល់សេវារបស់យើងទៀតផង។

       ឯកឧត្តម កិត្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក៏បានរំលេចបន្ថែមទៀតថា៖តាមរយៈ ការដាក់ឱ្យអនុវត្តអនុក្រឹត្យនេះ រាជរដ្ឋាភិបាលមានគោលបំណងសំខាន់ៗចំនួន៤ គឺទី១. ការជំរុញឱ្យមានចលនាប្រលងប្រណាំងកែលម្អគុណភាពសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។ទី២. ផ្តល់គោលគំនិតសំខាន់ៗ ជូនអង្គភាពផ្តល់សេវាសាធារណៈ ដើម្បីធ្វើការកែលម្អក្នុងការផ្តល់សេវាសាធារណៈរបស់ខ្លួន ឱ្យឈាន់ដល់កម្រិតស្តង់ដារខ្ពស់មួយ ដោយប្រើប្រាស់នូវតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃដែលគ្របដណ្តប់គ្រប់ទិដ្ឋភាពនៃការគ្រប់គ្រងសាលារៀន និងមន្ទីរពេទ្យប្រកបដោយគុណភាព។ទី៣. ផ្តល់ការលើកទឹកចិត្តដល់សាលារៀននិងមន្ទីរពេទ្យ នៅថ្នាក់មូលដ្ឋានដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាអប់រំនិងសុខាភិបាល ប្រកបដោយគុណភាពជូនប្រជាជន។ និងទី៤. ជំរុញចលនារៀនសូត្រពីគ្នាទៅវិញ-ទៅមក ដើម្បីដកស្រង់បទពិសោធន៍សម្រាប់កែលម្អការផ្តល់សេវាសាធារណៈ ឲ្យកាន់តែល្អប្រសើរនិងទទួលបាននូវទំនុកចិត្តកាន់តែខ្លាំងពីប្រជាពលរដ្ឋ។
     ឯកឧត្តមរដ្ឋមន្ត្រី  បានបន្តទៀតថា៖ការអនុវត្តការវាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ ដែលស្ថាប័ននៃកំណែទម្រង់អភិបាលកិច្ច (កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ) សហការជាមួយក្រសួង ស្ថាប័ន តាមវិស័យរបស់រាជរដ្ឋាភិបាល បានរួមគ្នាធ្វើការ ដើម្បីចូលរួមចំណែកលើកស្ទួយគុណភាព នៃ សេវាអប់រំ និង បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ធអប់រំរបស់យើង។

     ឯកឧត្តមកិត្តិបណ្ឌិត រដ្ឋមន្ត្រី និងជា ប្រធានគណៈកម្មការវាយតម្លៃនៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា៖តាមរយៈការរៀបចំនូវសិក្ខាសាលានេះ និងរៀបចំឲ្យមាន៖ ការស្តាប់បទបង្ហាញ ការដាក់តាំងពិពណ៍សមិទ្ធផលនិងនវានុវត្តន៍ របស់វិទ្យាល័យ ជ័យលាភី និងការធ្វើទស្សនកិច្ចនៅវិទ្យាល័យជ័យលាភី គឺ
ពិតជាផ្តល់នូវកាលានុវត្តភាព តាមរយៈ នៃ អង្គសិក្ខាសាលា រយៈពេល០២ថ្ងៃនេះ ដើម្បីជាការចែករំលែក នូវ បទពិសោធន៍ ដែលយើងបានសហការគ្នាល្អក្នុងការរៀបចំ។នឹងថែមទាំងផ្តល់នូវឱកាសថ្មីមួយទៀតឱ្យវិទ្យាល័យ និងគ្រប់ផ្នែកពាក់ព័ន្ធ ក្នុងវិស័យអប់រំ បានរៀនសូត្រពីគ្នាទៅវិញទៅមក និងយកមេរៀនគម្រូទាំងនោះ ទៅធ្វើការកែលម្អនៅក្នុងអង្គភាពរបស់ខ្លួនរៀងៗខ្លួនដើម្បីសំដៅប្រែក្លាយ
ខ្លួន ឲ្យទៅជា “សាលារៀន ផ្តល់សេវាអប់រំសាធារណៈ” ប្រកបដោយជំនឿទំនុកចិត្តពីប្រជាពលរដ្ឋ។

      ឯកឧត្តមកិត្តិបណ្ឌិត ពេជ ប៊ុនធិន ក៏បានធ្វើវាយតម្លៃរំពឹងទុក និងបានផ្តល់នូវ អនុសាសន៍ជាគន្លឹះដល់អង្គសិក្ខាថា៖ ការកសាងជំនឿ និង ទំនុកចិត្តពីប្រជាពលរដ្ឋ មកលើរដ្ឋបាលសាធារណៈគឺជាកិច្ចការលំបាក ដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់តាមរយៈការអនុវត្តវិធានការណ៍នានា ដើម្បីជំរុញឱ្យការផ្តល់សេវាសាធារណៈ កាន់តែប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ជូនប្រជាពលរដ្ឋ។ ដូចនេះ ក្នុងនាមជាមន្ត្រីរាជការដែលត្រូវអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺយើងនៅមានកិច្ចការ ជាច្រើនទៀត ដែលយើងត្រូវ រួមគ្នាគិត រួមគ្នាបង្កើត និងរួមគ្នាធ្វើ ដើម្បីឱ្យសេវាសាធារណៈរបស់យើង ជាពិសេស សេវាអប់រំ កាន់តែរីកចម្រើន ស្របតាមតម្រូវការប្រជាពលរដ្ឋ និង ការវិវឌ្ឍន៍ថ្មីៗ នៃបច្ចេកវិទ្យាក្នុងបរិបថឧស្សាហកម្មជំនាន់ទី៤៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner