រថយន្តមីនីXAបើកលឿនវ៉ាជ្រែងគេឯងទៅប៉ះរថយន្តដឹកដី និងសួនច្បារចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង របួសក្មេងស្រីម្នាក់
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ និងអ្នករួមដំណើរជាមួយ៣នាក់ទៀត បានបើករថយន្តម៉ាក មីនី XA យ៉ាងលឿនវ៉ាគេឯង និងខ្វះការប្រុងប្រយ័ត្នស្រាប់រេចង្កូតប៉ះនឹងឃឿនសួនច្បារចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៩ នឹង១០នាទីព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាក់មីនី XA ពណ៌ប្រផេះ ពាក់ស្លាកភ្នំពេញ 2Y – 4710 រួមដំណើរដោយមនុស្ស៣នាក់ (ប្រុសពីរនាក់នឹងក្មេងស្រីម្នាក់) បានធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីផ្លូវចំការដូងឆ្ពោះទៅផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿន និងវ៉ារុឺម៉កមួយគ្រឿងមិនផុតក៏បួងចង្កូតមកខាងឆ្វេងដៃប៉ះនឹងក្បាលឡានដឹកដី បណ្តាលឲ្យជ្រុលទៅគៀរនឹងសួនច្បារចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង និងធ្វើឲ្យក្មេងស្រីម្នាក់រងរបួសស្រាល ចំណែករថយន្តបានរងការខូចខាតទាំងស្រុងតែម្តង។
បន្ទាប់ពីមានករណីនេះកើតឡើងរួច ភាគីរថយន្តមីនីXAបានចោទប្រកាន់ទៅលើករថយន្តដឹកដីមួយគ្រឿងថាបើកបុករថយន្តខ្លួនពីក្រោយទើបបណ្តាលឲ្យក្រឡាប់ និងរងរបួស ចំណែកភាគីរថយន្តដឹកដីបានប្រកែកមិនទទួលស្គាល់ការចោទប្រកាន់បែបនេះទេ ដោយលើកឡើងថា រថយន្តមីនីXA ក្រឡាប់ដោយសារ អ្នកបើកបររថយន្តនោះ បើកលឿនវ៉ាជែងគេក៏រេចង្កូតមកប៉ះរថយន្តខ្លួនបន្តិចហើយជ្រុលក្រឡាប់តែម្តងទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការសម្របសម្រួលរវាងភាគីទាំងពីរ ដើម្បីបញ្ចប់រឿង ៕ធ.ដ