ដោយសាររាជរដ្ឋាភិបាលកម្ពុជាយើងមានច្បាប់ស្តីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្បាស់លាស់ និងគ្រប់គ្រងអនុវត្តន៍មានប្រសិទ្ធភាព ទើបធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានភាពរឹងមាំ និងអភិវឌ្ឍន៍ជាលំដាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដោយសាររាជរដ្ឋាភិបាលកម្ពុជាយើង មានច្បាប់ស្តីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្បាស់លាស់ និងគ្រប់គ្រងអនុវត្តន៍មានប្រសិទ្ធភាព ទើបធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានភាពរឹងមាំ និងអភិវឌ្ឍន៍ជាលំដាប់ ។ជាមួយគ្នានេះ គ្រួសារប្រជាជននៅតាមមូលដ្ឋានក៏មានសេដ្ឋកិច្ចរីកចម្រើន តាមរយៈការទទួលប្រាក់កម្ចីពីមីក្រូហរិញ្ញវត្ថុមកធ្វើទុនអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណេញបង្វិលសងមីក្រូហិរញ្ញវត្ថុវិញ ។

ការថ្លែងបែបនេះត្រូវបានឯកឧត្តម សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសធុនតូច និងមធ្យម និងមីក្រូហិរញ្ញវត្ថុ ធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាស្តីអំពី “ឱកាស និងបញ្ហាប្រឈមរបស់មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ” ដែលបានរៀបចំនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ទន្ទឹមគ្នា ឯកឧត្តមបានថ្លែងអំពីការរីកចម្រើននៃវិស័យមីក្រូហិរញ្ញវត្ថុ ដែលចាប់ផ្តើមតាំងពីតូចរហូតដល់រីកលូតលាស់យ៉ាងធំ ដោយចាប់ផ្តើមពីផ្ទះមួយល្វែងរហូតដល់មានអគារធំៗ និងច្រើនសាខាទូទាំងប្រទេសកម្ពុជា ហើយមានសាខាប្រតិបត្តិខ្លះទៀតឈានទៅដល់ក្រៅប្រទេសថែមទៀត។

ឆ្លងកាត់បទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុតាំងពីឆ្នាំ១៩៩៣ ឯកឧត្តមក៏បានបង្ហាញអំពីអត្រាការប្រាក់អតិបរមា ដែលមានតម្លៃខ្ពស់រហូតដល់៦០%ក្នុងមួយឆ្នាំកាលពីអតីតកាល ហើយបានធ្លាក់មកនៅត្រឹមអត្រាការប្រាក់អតិបរមា ១៨%ក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន ។ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត បានបញ្ជាក់ដែរថា កត្តាដែលធ្វើអោយវិស័យនេះទទួលបានជោគជ័យ និង រីកចម្រើនយ៉ាងខ្លាំងមកដល់ពេលនេះ រួមមាន៖

-កត្តាសុខសន្តិភាពដែលបានផ្តល់ឱកាសឲ្យធុរកិច្ចជន អាចធ្វើអាជីវកម្ម និងវិនិយោគបានយ៉ាងល្អ។ -កត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបានធ្វើឲ្យផលិតផលក្នុងស្រុកសរុប (GDP)មានកំណើនជាលំដាប់ ។ ជាមួយគ្នានេះ លោកឧកញ៉ាបានណែនាំអំពីរបៀបធ្វើឲ្យមានប្រសិទ្ធភាពសម្រាប់ការសន្សំប្រាក់ គឺពេលដែលមានចំណូលត្រូវចេះដកសន្សំ មុននឹងចំណាយ នោះមានប្រសិទ្ធភាពជាងមានចំណូល ដកចំណាយ ហើយទើបសន្សំ ។

ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលានេះ ហើយឯកឧត្តមក៏បានបកស្រាយអំពី សរសរស្តុមចំនួនបួនធំៗដែលជាធនធានគន្លឹះដល់ការអភិវឌ្ឍសេដ្ឋកិច្ចរួមមាន៖ ធនធានធម្មជាតិ ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ។ សរុបជារួម រាជរដ្ឋាភិបាលមានគោលនយោបាយជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ការបង្កើតសាលារៀន និង ការអភិវឌ្ឍវិស័យអប់រំ និង ច្បាប់គ្រប់គ្រងគ្រឹះស្ថានហិរញ្ញវត្ថុ និង ទំនើបកម្មបច្ចេកវិទ្យា ។

ឆ្លើយតបនឹងសារៈសំខាន់ ជាមួយតួនាទីចាំបាច់នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាជន សិក្ខាកាមដែលចូលរួមទាំងអស់បានបង្ហាញនូវការគាំទ្រឲ្យបន្តមានចរន្តមីក្រូហិរញ្ញវត្ថុនៅតាមមូលដ្ឋាន ហើយសិក្ខាកាមក៏បានសំណូមពរឲ្យរាជរដ្ឋាភិបាលបន្តជំរុញលើកទឹកចិត្តឲ្យមានវិស័យមីក្រូហិរញ្ញវត្ថុកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner