មហាសេដ្ឋី Bloomberg ប្រកាសដណ្តើមតំណែងប្រធានាធិបតីអាមេ៉រិក ពីលោក ដូណាល់ ត្រាំ
លោក Michael Bloomberg មហាសេដ្ឋីអាមេ៉រិក កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើម យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក សម្រាប់ការចូលរួមប្រកួតប្រជែង យកតំណែងប្រធានាធិបតីអាមេ៉រិកនៅឆ្នាំ២០២០។
លោក Bloomberg ថា លោកឈរឈ្មោះជាប្រធានាធិបតី ដើម្បីផ្តួលលោក ដូណាល់ ត្រាំ ហើយកសាងអាមេ៉រិកឡើងវិញ ព្រោះយើងមិនអាចបណ្តោយឲ្យអាណត្តិដឹកនាំ ដែលពោរពេញដោយភាពធ្វេសប្រហែស និងគ្មានក្រមសីលធម៌របស់លោក ត្រាំ បន្តទៅមុខ ០៤ឆ្នាំទៀតឡើយ។
លោកបញ្ជាក់ថា «ប្រសិនបើលោក ត្រាំ ជាប់ឆ្នោតមួយអាណត្តិ នោះពួកយើងប្រហែលជាគ្មានថ្ងៃស្រោចស្រង់បានទេ»។ លោក Bloomberg ត្រូវគេប៉ាន់ស្មានថា បានចំណាយប្រាក់ខ្ទង់៣៧លានដុល្លាររួចទីហើយលើការផ្សាយពាណិជ្ជកម្ម នៅតាមរដ្ឋជាច្រើនពាសពេញផ្ទៃប្រទេស។
ដោយឈរឈ្មោះជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យ លោក Bloomberg មានអាយុ ៧៧ឆ្នាំ និងជានាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនអាមេ៉រិក Bloomberg L.P. និងធ្លាប់បានកាន់តួនាទីជា អភិបាលក្រុងញូយ៉កប៉ុន្មានអាណត្តិជាប់គ្នាផងដែរ គឺចាប់ពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៣។ យោងតាមទស្សនាវដ្តី Forbes លោកអ្នកមានជាងគេទី៩ នៅសហរដ្ឋអាមេ៉រិក ជាមួយទ្រព្យសម្បត្តិជិត ៥៨ពាន់លានដុល្លារ និងជាបុគ្គលមានជាងគេទី១៤ នៅលើពិភពលោក៕ធ.ដ