ទីក្រុងហុងកុងរៀបចំការបោះឆ្នោតលើកដំបូង បន្ទាប់ពីផ្ទុះបាតុកម្មដ៏ហិង្សាអស់ពេលជាច្រើនសប្តាហ៍
ហុងកុង៖ ពលរដ្ឋហុងកុងជាច្រើននៅថ្ងៃ អាទិត្យ សប្តាហ៍មុននេះ បាននាំគ្នាទៅកាន់មណ្ឌលបោះឆ្នោតនានា ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុករបស់ទីក្រុងហិរញ្ញវត្ថុដែលកំពុងជួបភាពចលាចលមួយនេះ ។
ប្រជាជនហុងកុងចំនួន៤,១លាននាក់ដែលមានសិទ្ធិបោះឆ្នោត នៅថ្ងៃ អាទិត្យម្សិលមិញ បាននាំគ្នាតម្រង់ជួរនៅតាមមណ្ឌលបោះឆ្នោតនៅទូទាំងតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកចំនួន៤៥២អសនៈនៃស្រុកទាំងអស់១៨ ។
បេក្ខជនដែលចូលរួមប្រជែងកៅអីក្រុមប្រឹក្សានេះមានចំនួន១.០៩០នាក់ នេះបើតាមកាសែតហុងកុង South China Morning Post ។អភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ ដែលបានបោះឆ្នោតនៅមណ្ឌលវិទ្យាល័យ Raimondi និយាយថា ពលរដ្ឋជាច្រើនសង្ឃឹមពីការបន្តភាពស្ងប់ស្ងាត់ នៅក្រោយការបោះឆ្នោតនេះ ។
គួរបញ្ជាក់ថា ការបោះឆ្នោតនេះ ធ្វើឡើងស្របពេលទីក្រុងហុងកុងកំពុងជួបបញ្ហាញាប់ញ័រដោយសារការធ្វើបាតុកម្ម៦ខែមកនេះ ។ ផ្ដើមពីការទាមទារឲ្យដកចេញសេចក្ដីស្នើច្បាប់ធ្វើបត្យាប័ន ក្រុមបាតុករក៏រាលដាលកាន់តែធំ និង ប្រែទៅជាការតវ៉ាប្រឆាំងចិន និង ការស្នើឲ្យមានការពង្រឹងសេរីភាព ក៏ដូចជាប្រជាធិបតេយ្យនៅទីក្រុងនេះឡើងវិញ ។ ការបោះឆ្នោតនេះ ក៏ជាម៉ែត្រវាស់ការគាំទ្ររវាងរដ្ឋាភិបាលហុងកុង និងក្រុមប្រឆាំងផងដែរ ៕ធ.ដ