ក្រុមការងារជំនាញចាប់ផ្ដើមជួសជុលផ្លូវចូលប្រាសាទព្រះគោ

កម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានក្រុមមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលឡើងវិញ។ លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងនៅ រសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២នេះថា ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ បានធ្វើឲ្យកម្រាលប្រាសាទព្រះគោ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។

លោកបន្តថា ការងារសំខាន់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់ ក្នុងការជួសជុល រួមមាន ជួសជុលពង្រឹងកម្រាលថ្មបាយក្រៀមដែលបុព្វបុរសបានក្រាលលើផ្លូវចូលប្រាសាទ ដែលថ្មមួយចំនួនត្រូវពុកផុយ បាក់ស្រុត និងបាត់បង់ ដោយក្រុមការងារត្រូវ ធ្វើការពង្រឹងគ្រឹះក្រោម ជួសជុលថ្មដែលបាក់ខូច និងស្វែងរកថ្មដែលបាត់មកដាក់តាមទីតាំងដើមវិញ។

លោក គឹមហួល បន្តថា ការងារជួសជុល ថែទាំនេះជាផ្នែកមួយ នៃកិច្ចអភិរក្សដែលអាជ្ញាធរជាតិអប្សរាបានធ្វើជាប្រចាំ ដើម្បីថែរក្សាប្រាង្គប្រាសាទបុរាណ ឱ្យនៅឋិតថេរគង់វង្សយូរអង្វែង។ ប្រាសាទព្រះគោនេះ ជាប្រាសាទបុរាណមួយ ស្ថិតក្នុងក្រុមប្រាសាទរលួស។ ប្រាសាទនេះដែរ ស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រុមប្រាសាទរលួស មានប្រាសាទបុរាណជាច្រើន ស្ថិតក្នុងស្រុកប្រាសាទបាគង ដូចជាប្រាសាទបាគង ប្រាសាទរលួស ប្រាសាទព្រៃមន្ទីរ ប្រាសាទត្រពាំងផុង ប្រាសាទទទឹងថ្ងៃ ប្រាសាទព្រះគោ ជាដើម។ លោកថា កិច្ចការជួលជុលប្រាសាទបុរាណនេះ ក្រុមការងារនឹងបន្តធ្វើជាប្រចាំមិនមានកាលវេលាកំណត់ទេ៕ ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner