រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្កាទៅកាន់ទ្វីបអឺរ៉ុប
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូ នៅព្រឹកថ្ងៃទី០១ ខែមីនាឆ្នាំ ២០២២នេះ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្កា ទៅកាន់ទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី២២-២៨ ខែកុម្ភៈ ឆ្នាំ២០២២។
តបតាមការអញ្ជើញរួមគ្នារបស់ឯកឧត្តម Josep BORRELL FONTELLES តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប និងឯកឧត្តម Jean-Yves LE DRIAN រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសបារាំង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស។ ក្នុងឋានៈជាតំណាងជាន់ខ្ពស់របស់កម្ពុជា ដែលជាប្រទេសប្រធានអាស៊ានឆ្នាំ២០២២នេះ ឯកឧត្តមឧប នាយករដ្ឋមន្ត្រី បានចូលរួមថ្លែងសុន្ទរកថាបើក និងចូលរួមវេទិកាតុមូលស្តីពីសន្តិសុខ និងកិច្ចការពារជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានចូលរួមកិច្ចប្រជុំរវាងបារាំង និងរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស ឯកឧត្តម ប្រាក់ សុខុន បានជួបប្រជុំដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀតដូចជា លោកជំទាវ Mélanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា ឯកឧត្តម Jan Lipavský រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆេក និងលោក Michel Herbillon ប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង នៃរដ្ឋសភាបារាំង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅទីក្រុងប៉ារីនោះផងដែរ។
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសអាល្លឺម៉ង់ តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAER BOCK រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចនេះ ដែលជាលើកទី១ របស់រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ មានគោលបំណងដើម្បីពង្រឹងឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ល្អផូរផង់ និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ែរឡាំងផងដែរ។

បន្ទាប់មក ឯកឧត្តម ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២២។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន បានជួបពិភាក្សាផ្លូវការជាមួយ ឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី ដែលក្នុងពេលនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចសារពើពន្ធទាក់ទងនឹងពន្ធលើប្រាក់ចំណូល និងអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពិធីការ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចូលរួមក្នុងពិធីសម្ពោធស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងអង់ការ៉ា និងធ្វើជាសហប្រធានរៀបចំពិធីជប់លៀងជាមួយឯកអគ្គរដ្ឋ/រាជ ទូតអាស៊ាននៅទីក្រុងអង់ការ៉ា៕
ដោយ៖ពលជ័យ