មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ វិស័យអចលនទ្រព្យ និង វិស័យសំណង់គឺជាចន្ទល់ដ៏រឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា វិស័យអចលនទ្រព្យ និងវិស័យ សំណង់ គឺជាវិស័យរុញច្រានកំណើនសេដ្ឋកិច្ចជាតិ និងជា ចន្ទល់ដ៏រឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ច។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា បើទោះស្ថិតក្នុងវិបត្តិកូវីដ ក៏ដោយ វិស័យអចលនទ្រព្យ និងសំណង់នៅតែដើរតួ ជា ចន្ទល់នៃសេដ្ឋកិច្ចរបស់យើង ក្នុងរយៈពេលមធ្យម។ យើង ត្រូវការវិស័យនេះ ដើម្បីជួយសេដ្ឋកិច្ចរស់សិន… មិនមែនតែ ស្រុកខ្មែរ ដែលពឹងលើវិស័យអចលនទ្រព្យ សម្រាប់ជាចន្ទល់ សេដ្ឋកិច្ចទេ ក្នុងនោះក៏មានទាំងហុងកុង សិង្ហបុរី ចិន និង អាមេរិកដែរ។ ដូច្នេះយើងត្រូវមានគោលនយបាយចំពោះ មុខ សម្រាប់តម្រង់។
ការអះអាងរបស់ឯកឧត្តម វង្សី វិស្សុត បាន ធ្វើឡើងក្នុង វេទិកា សាធារណៈស្ដីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ ថវិកាឆ្នាំ២០២២ រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនាពេលថ្មីៗនេះ។ យ៉ាងណាមិញ បើទោះជា កំណើន នេះស្ថិតក្នុងកម្រិតទាប តែអ្នកជំនាញបានវាយតម្លៃថា វិស័យ អចលនទ្រព្យនឹងល្អប្រសើរនៅឆ្នាំ ២០២២នេះ។
នៅឆ្នាំ ២០២២ អនុវិស័យអចលនទ្រព្យ រំពឹងថា នឹងងើប ឡើងវិញក្នុងអត្រា ៤,១ភាគរយ ដោយផ្អែកទៅ លើការងើប ឡើងនៃសកម្មភាពជួលផ្នែកផ្សារលក់រាយ ស្របនឹងនិន្នាការ កើតឡើងនូវសកម្មភាពទិញ-លក់ និងជួលលំនៅឋានថ្លៃទាប និងមធ្យម ខណៈដែលការទិញលក់ និងជួលអាផាតមិន ខុនដូ ដែលរំពឹងថា នឹងមានកំណើនទាប ដោយសារការហូរ ចូល យឺតនៃទុនបរទេស។ នេះបើតាមឯកឧត្តម ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផ្នែកលើទិន្នន័យ ១១ខែរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ឥណទានផ្តល់ទៅផ្នែកទិញ និងលក់លំនៅឋាន ថ្លៃទាប និងមធ្យមបានបន្តកំណើនក្នុងអត្រា ២៥,៣ភាគរយ ក្នុងឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ ចំណូលពីការផ្តល់អាជ្ញាប័ណ្ណ ឱ្យក្រុមហ៊ុននិងភ្នាក់ងារអចនទ្រព្យបានកើនឡើង១៧ភាគរយ ធៀបនឹងដក ១៧,៣ភាគរយ នៅឆ្នាំ ២០២០៕
ដោយ៖ ឈឹម ទីណា




