ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាអបអរសាទរថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានសមាជជ្រើសតាំងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច

ភ្នំពេញ៖ ឯកឧត្តម WU CHUANBING ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានជួបសម្តែងការគួរសម និងនាំលិខិតអបអរសាទរថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងឱកាសដែលព្រះអង្គ ត្រូវបានអង្គសមាជវិសាមញ្ញសម្រេចជាឯកច្ឆន្ទ ថ្វាយជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ។

ការអបអរសាទរនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើសមាជវិសាមញ្ញជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ សមាជក៏បានសម្រេចជ្រើសតាំងអនុប្រធានបីរូប ក្នុងនោះមាន៖ លោក ឆឹង ចំរើន លោក ប៉ោ ប៊ុនស្រ៊ឺ លោក ពៅ អៀងគ្រី។

បន្ទាប់ពីសមាជវិសាមញ្ញជ្រើសតាំងជាប្រធានគណបក្សហ៊្ចុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានប្តេជ្ញាថា ព្រះអង្គនឹងការពារគណបក្សហ៊្វុនស៊ិនប៉ិចឱ្យបានគង់វង្សជាអមតៈ ដង្ហែតាមមាគ៌ារបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ រោត្តម រណឫទ្ធិ នៅគោលនយោបាយបង្រួបបង្រួមជាតិផ្សះផ្សាជាតិ និងឯកភាពជាតិ និងខិតខំប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុមិយម រណឫទ្ធិនិយម ដើម្បីឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសាជាថ្មី។ សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ ការធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិក:គណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស គឺដើម្បីត្រៀមរៀបចំខ្លួនរបស់គណបក្សមួយនេះក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២នេះ និងបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើលិខិតទូលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ថា ក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទក្នុងការជ្រើសតាំង៖ ១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្ស ២.សហជីវិន ឆឹង ចំរើន ជាអនុប្រធានគណបក្ស ៣.សហជីវិន ប៉ោ ប៊ុនស្រ៊ឺ ជាអនុប្រធានគណបក្ស និង៤.សហជីវិន ពៅ អៀងគ្រី ជាអនុប្រធានគណបក្ស និងសមាសភាពគណៈកម្មាធិការនាយក ព្រមទាំងការធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្សស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ទន្ទឹមនេះ គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបញ្ជូននូវជីវប្រវត្តិសង្ខេបរបស់សមាសភាពគណៈកម្មាធិការនាយកទាំងអស់ ជូនមកក្រសួងមហាផ្ទៃជាកំណត់៕
ដោយ៖ពលជ័យ

ads banner