ថ្ងៃដំបូងនៃយុទ្ធនាការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជា៖ រដ្ឋមន្ត្រីក្រសួងផែនការចុះត្រួតពិនិត្យការសម្ភាសន៍នៅមណ្ឌលជំរឿនផ្សារធំថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ជាថ្ងៃដំបូងនៃយុទ្ធនាការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យការធ្វើជំរឿនសេដ្ឋកិច្ចនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អមដំណើរដោយឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មានភារកិច្ចពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានចូលរួមសម្របសម្រួល និងត្រួតពិនិត្យមើលការធ្វើជំរឿនសេដ្ឋកិច្ចនៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ច គឺប្រទេសនានាទូទាំងពិភពលោក ធ្វើជំរឿនដូចគ្នា ហើយវាមានសារៈសំខានៈបំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់បំពេញនូវទិន្នន័យក្នុងការត្រួតពិនិត្យ និងវាយតម្លៃ លើសូចនាករ គោលដៅ និងចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២នេះ ជាការធ្វើជំរឿនលើកទី២ បន្ទាប់ពីយើងបានធ្វើជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០១១ និងអង្កេតចន្លោះជំរឿនសហគ្រាសនៅឆ្នាំ២០១៤ ដែលពេលនោះ ការធ្វើជំរឿន និងអង្កេតសហគ្រាសនេះ ទទួលបានការគាំទ្រថវិកា និងបច្ចេកទេសពីទីភ្នាក់ងារ JICA នៃរាជរដ្ឋាភិបាលជប៉ុន ដោយមានការចូលរួមថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ហើយការធ្វើជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០២២នេះ ត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុទាំងស្រុងពីរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ការធ្វើប្រតិបត្តិការជំរឿនសហគ្រាសនេះ មានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស លើ២៥ រាជធានីខេត្ត ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដែលមានអង្គភាពសេដ្ឋកិច្ច សរុបចំនួនប្រមាណ៧៤ម៉ឺនអង្គភាព ដោយប្រើប្រាស់មន្ត្រីសរុបប្រមាណជា៥,៨៨៥នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ និងក្នុងនាមក្រសួងផែនការ ដែលជាស្ថាប័នអនុវត្តផ្ទាល់ការងារជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានអំពាវនាវដល់ម្ចាស់អង្គភាពសេដ្ឋកិច្ច មានជាអាទិ៍ក្រុមហ៊ុន រោងចក្រ ទាំងនៅក្នុងទាំងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗគ្រប់ប្រភេទទាំងអស់ សូមជួយគាំទ្រ សហការ និងផ្តល់ទិន្នន័យ ត៌មាន តាមតារាងសំណួរដល់មន្រ្តីជំរឿនសេដ្ឋកិច្ចឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ជាក់លាក់ និងទាន់ពេលវេលា។

សូមបញ្ជាក់ថា ទិន្នន័យ ព័ត៌មានដែលទទួលបានពីការសម្ភាសន៍ជំរឿនត្រូវបានធានាការសម្ងាត់ និងប្រើប្រាស់ក្នុងគោលដៅស្ថិតិតែប៉ុណ្ណោះ៕
ដោយ៖ពលជ័យ

ads banner