ថវិកាបេឡាមរណៈសង្រ្គោះសរុប ៥៦លានរៀលត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ១៤នាក់ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ គ្រួសារសពសមាជិកអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញចំនួន ១៤នាក់ រស់នៅក្នុងខណ្ឌចំនួន ១០ ក្នុងរាជធានីភ្នំពេញ ទទួលបានការជួយឧបត្ថម្ភថវិកាសរុប ៥៦លានរៀលដែលជាថវិកាបេឡាមរណៈសង្រ្គោះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជួយសម្រួលដោះស្រាយទុក្ខលំបាករបស់បងប្អូន ។

ថវិកាទាំងនេះត្រូវបាន លោក លោកស្រីប្រធានកិត្តិយស និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមបណ្តាខណ្ឌចំនួន១០ នៃរាជធានីភ្នំពេញ ដែលជាតំណាងឯកឧត្តម ឃួង ស្រេង ប្រធានកិត្តិយស និង ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ
នាំយកទៅប្រគល់ជូនផ្ទាល់ដៃដល់គ្រួសារសពអតីតយុទ្ធជនទាំង ១៤នាក់ ដែលបានធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ។

ថវិកាទាំង ៥៦លានរៀល ដែលបានឧបត្ថម្ភជូនគ្រួសារសព ១៤នាក់រួមមាន៖ ខណ្ឌចំការមន០២គ្រួសារ , ខណ្ឌ ៧មករា ០១គ្រួសារ , ខណ្ឌដូនពេញ០១គ្រួសារ , ខណ្ឌទួលគោក០១គ្រួសារ , ខណ្ឌច្បារអំពៅ០១គ្រួសារ , ខណ្ឌកំបូល០១គ្រួសារ , ខណ្ឌសែនសុខ០២គ្រួសារ ,ខណ្ឌពោធិ៍សែនជ័យ ០១គ្រួសារ , ខណ្ឌប្ញស្សីកែវ០៣គ្រួសារ និងខណ្ឌមានជ័យ០១គ្រួសារ ដែលក្នុង០១គ្រួសារទទួលបានថវិកា ០៤លានរៀល។

លោក លោកស្រីក្រុមការងារ បានលើកឡើងថា៖ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រធានសមាគម ដោយឡែកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ គឺមានឯកឧត្តម ឃួង ស្រេង ជាប្រធានកិត្តិយស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគម នៅគ្រប់កាលៈទេសៈ គឺមិនបោះបង់បងប្អូនអតីតយុទ្ធជនចោលនោះទេ តែងតែគិតគូរយកចិត្តទុកដាក់ និងជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជនជានិច្ច ជាពិសេសនៅក្នុងតំណាក់កាលដែលប្រទេសកម្ពុជាទទួលរងការឆ្លងរីករាលដាលជំងឺកូវីដ១៩ គឺសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានផ្តល់ជាអទិភាពជូនដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពីដូសទី១រហូតដូសជំរុញទី៤ ដើម្បីសុខសុវត្ថិភាព អាយុជីវិត បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner