សមត្ថកិច្ច ចាប់រថយន្តក្រុង ៨គ្រឿង ដឹកទំនិញនាំចូលពីព្រំដែនប្រទេសវៀតណាម

កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានកំណត់មុខសញ្ញា និងស្ទាក់ឃាត់រថយន្តក្រុងចំនួន ៨គ្រឿង ដែលបានដឹកទំនិញចូលពីព្រំដែនប្រទេសវៀតណាម នៅចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញទៅនឹងបទប្បញ្ញត្តិជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ការពារសិទ្ធិរបស់អ្នកប្រើប្រាស់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ធានាបានការប្រកួតប្រជែងប្រកបដោយស្មោះត្រង់ និងសុចរិតក្នុងធុរកិច្ច។

លទ្ធផលបឋម មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានឃាត់ឆែកឆេរ រកឃើញនូវបទល្មើសក្លែងបន្លំ មិនមានអនុលោមភាពលើលិខិតបទដ្ឋានគតិយុត្ត រំលោភកម្មសិទ្ធិបញ្ញា និងមិនមានឯកសារពាក់ព័ន្ធនឹងការនាំចូល លើប្រភេទទំនិញមួយចំនួន។ មន្ត្រីជំនាញនឹងបន្តអនុវត្តវិធានការ ស្របតាមនីតិវិធីជាធរមាន។

សូមបញ្ជាក់ផងដែរថា មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ជាមន្ត្រីនគរបាលយុត្តិធម៌ ដែលត្រូវបានផ្តល់អាណត្តិដោយច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា និងជានគរបាលយុត្តិធម៌ដែលត្រូវបានផ្តល់អាណត្តិដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង ឱ្យកំណត់បទល្មើសក្រោមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការអនុវត្តច្បាប់ទាំង៣ខាងលើ ដើម្បីធានាបាននូវការការពារសុខុមាលភាពប្រជាពលរដ្ឋ សិទ្ធិអ្នកប្រើប្រាស់ និងធុរកិច្ចក្នុងការប្រកួតប្រជែងដោយស្មោះត្រង់ និងសុចរិត៕
ដោយ៖ ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner