អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិចដឹកនាំសមាជិកមូលដ្ឋានមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ

ភ្នំពេញ៖ អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចចិត្តដឹកនាំសមាជិក សមាជិកាគណបក្ស​ រាជានិយមមួយនេះ មកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉េប ប៊ុនជិន អតីត សមាជិកគណៈកម្មាធិការនាយកគណបក្សរហ៊្វុនស៊ិនប៉ិច នៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

សមាសភាពនៃអតីតគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច ដែលចូលរួមជាមួយខ្មែររួបរួមជាតិរួមមាន៖លោក សាយ ហាក់ លោក ផាន់ សិទ្ធី លោក ញឹម សាវី លោក ញ៉េប ប៊ុនជិន អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចលោក ចាប ញ៉ាលីវុធ (អនុជសម្តេចក្រុមព្រះ) អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក វ៉ាន់ សុផាណ្ណា ។

លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា គណបក្សខ្មែររួមរួមជាតិ មានគោលការណ៍រក្សារបបរាជានិយម ហើយអតីតសមាជិក គាំទ្រសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចប្រមាណ៤០ម៉ឺននាក់នៅមូលដ្ឋានរាជធានី-ខេត្ តមានគោលបំណងច្បាស់លាស់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ។

លោកបន្តថា ដោយសារភាពចាស់ទុំនយោបាយរបស់លោក ញឹក ប៊ុនឆៃ មានគោលការណ៍គាំទ្ររបបរាជានិយម និង ក្រោមការដឹកនាំរបស់លោក ញឹក ប៊ុនឆៃ នឹងធ្វើឲ្យគណបក្សខ្មែររួបរួមជាតិមានសំឡេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការត្រៀមចូលរួមតាមបែបប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ។

លោក ញ៉េប ប៊ុន ជិន បានបន្តថា​ ការសម្រចចិត្តជាក្រុមមកចូលរួមជាមួយក្នុងគណបក្សខ្មែររួបរួមជាតិពីព្រោះគណបក្សនេះមិនមែនជាគណបក្សប្រឆាំងនោះទេ។ គឺជាគណបក្សរាជានិយម ដូចគណបក្សហ៊្វុនស៊ិនប៉ិចដែរ។

អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា គណបក្សរាជានិយមមួយនេះបានចុះខ្សោយយ៉ាងខ្លាំងបន្ទាប់ពីសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ចូលទិវង្គត។ មានតែការបែកបាក់។ គ្មានការបង្រួបង្រួមគ្នា។ អ្នកថ្មីមិន​ត្រូវការមនុស្សចាស់ទុំដែលជាអ្នករាជានិយម។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមបានបង្ហាញ ឆន្ទៈបង្រួបបង្រួបសមាជិកនៃអតីតគណបក្សគណបក្សហ៊្វុនស៊ិនប៉ិច មកចូលក្នុងគ្រួសារគណបក្សខ្មែររួបរួមជាតិ ដើម្បីបម្រើផលប្រយោជន៏ជាតិ រួមគ្នាបោះឆ្នោត នៅពេលខាងមុខនេះ។

ជាការឆ្លើយតបអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានថ្លែងថា គណបក្សហ៊្វុនស៊ិនប៉ិច ពុំមានសេចក្តីភ្ញាក់ផ្អើលចំពោះក្រុមទាំងនោះឡើយ ដោយសារកន្លងមក គណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចបញ្ចប់សមាជិកភាពពីគណបក្សហើយ។ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការ និងមានឥស្សរជននយោបាយ ធ្វើការនៅមូលដ្ឋានយ៉ាងសកម្ម ពុំមានបញ្ហាឡើយ។​ លោក ញឿន រ៉ាដែន បានអះអាងថា “មកដល់ពេលនេះ គណបក្សបានធ្វើដំណើរទៅមុខជានិច្ច យើងពុំខ្វល់ជាមួយមនុស្សអសកម្ម ចាំតែប្រឆាំងជាមួយយើងឡើយ។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកមានទិសដៅ និងផែនការសកម្មភាពច្បាស់លាស់”៕

ដោយ៖ពលជ័យ

ads banner