ប្រមុខការទូតកម្ពុជា និងអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា ចុះហត្ថលេខាលើ លិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន០២
នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ នេះ ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត ជប៉ុន ប្រចាំព្រះ រាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពី ការផ្ដល់ ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន០២ ដូចខាងក្រោម៖

១. ការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីន ដំណាក់កាលទី២ ដែលមានទឹកប្រាក់ ចំនួន ២.០០០លានយ៉េន (ប្រមាណ ១៧ លានដុល្លារអាមេរិក) និង២. ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀងដែលមានទឹកប្រាក់ចំនួន ២.៧៨៦លានយ៉េន (ប្រមាណ ២៤ លានដុល្លារអាមេរិក)ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹង ចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណង មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវសេចក្តីសោមន្សរីករាយ ក្នុងការចុះហត្ថលេខាជាមួយ ឯកឧត្ដមឯកអគ្គរាជទូត ជប៉ុន លើ លិខិត ប្ដូរ សារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលបានជួយរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបានចាត់ទុកថាការ ផ្ដល់ ហិរញ្ញប្បទានឥតសំណង របស់ជប៉ុនជាថ្មីនៅថ្ងៃនេះ គឺបានរួមចំណែក បន្ថែមទៀតដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព និងប្រសិទ្ធភាព ស្របពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយវិបត្តិនៃជំងឺ រាតត្បាតកូវីដ-១៩។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា ពិសេសនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលនេះគឺជាកាយវិការមួយឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីមិត្តយូរអង្វែងរវាងប្រទេសទាំងពីរ៕ដោយ/សួង ពិសិដ្ឋ