ផ្លូវប្របមាត់សមុទ្រនៅខេត្តកែបប្រវែងជាង ១២គីឡូម៉ែត្រ ត្រូវបានបើក ការដ្ឋានសាងសង់ ចាក់អ៊ុតកៅស៊ូ AC
ខេត្តកែប ៖ រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានរៀបចំពិធីក្រុងពលី បើកការដ្ឋានសាងសង់ផ្លូវ កៅស៊ូអាសេ ប្របមាត់សមុទ្រប្រវែង ១២គីឡូម៉ែត្រ ៧៥០ម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។
បើតាមរបាយការណ៍ របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ផ្លូវប្របមាត់សមុទ្រប្រវែងជាង ១២គីឡូម៉ែត្រ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ។ ផ្លូវនេះតភ្ជាប់ពីចំណុចកំពង់ផែទេសចរណ៍កោះទន្សាយ ក្នុងក្រុងកែប ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១៣៣២ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ដោយសារស្ថានភាពភូមិសាស្ត្រ ការស្ថាបនាផ្លូវនេះ ត្រូវបានចែកចេញជា ៤ផ្នែក គឺ៖
-ផ្នែកដំបូងចាប់ពីចំណុចផែកោះទន្សាយ K0+00 ដល់ K1+200ម ប្រវែង ១២០០ម៉ែត ទទឹង៩ម៉ែត្រ គន្លងជិះកង់ទទឹង ២ម៉ែត្រផ្នែកខាងស្តាំផ្នែកសំខាន់ចាប់ពី K1+200ម ដល់K9+500ម ប្រវែង ៨៣០០ម៉ែត្រ ទទឹង ១៥ម៉ែត្រ គន្លងជិះកង់ ២.៥ម៉ែត្រផ្នែកខាងស្តាំ
-ផ្នែកទី៣ តភ្ជាប់ពីផ្លូវ លេខ១៣៣២ ពីK9+669ម ដល់ K11+620ម ប្រវែង ១០៩៩ម៉ែត្រ ទទឹង ៩ម៉ែត្រ ចញ្ចើមផ្លូវ ១.៥ម៉ែត្រសងខាង និងផ្នែកទី៤ ចាប់ពី K9+669ម ដល់ K10+00 ទទឹង ១៥ម៉ែត្រ ផ្នែកស្តាំ ២.៥ម៉ែត្រ សម្រាប់ជិះកង់ និងផ្នែកឆ្វេង ១.៥ម៉ែត្រសម្រាប់ថ្មើរជើង។ ដោយឡែកសម្រាប់សំណង់សិល្បៈការ្យរួមមាន ធ្វើលូប្រអប់ ១៣កន្លែង លូមូល ២៦កន្លែង សាងសង់ជញ្ជាំងថ្មទប់ដីប្រវែប ១២០០ម៉ែត្រ បំពាក់បង្គោលភ្លើងLED ប្រើពន្លឺព្រះអាទិត្យ លើផ្លូវប្រវែង ៣៥០០ម៉ែត្រ ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ចាក់ថា ថ្វីត្បិតយើងកំពុងរួមគ្នាប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ក៏ដោយ តែវាមិនមែនជាឧបសគ្គក្នុងដំណើរការអភិវឌ្ឍឡើយ ដោយសាកត្តាសន្តិភាពពេញបរិបូណ៍ និងគោលនយោបាយដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ម្រមុខរាជរដ្ឋភិបាល ខេត្តកែប នៅតែបន្តអនុវត្តនូវគម្រោងអភិវឌ្ឍនានា ជាប់ជាប្រចាំ ។
ឯកឧត្តមអភិបាលខេត្តបន្តថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុង ធ្វើការពង្រីក និងកែលម្អឆ្នេរជ្រោយដូង មុខសាលាខេត្ត, សម្របសម្រួលការកសាងឆ្នេរកំសាន្តសាធារណៈប្រវែង ២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាង ។ ដោយឡែកសម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ ដែលខេត្តកែបទទួលបានមានបីគម្រោង គឺ៖ ទី១-គម្រោងសាងសង់ទីលានកប់សម្រាម ក្នុងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធមួយ ផ្លូវបេតុប្រវែង ៣.៥គឺឡូម៉ែត្រ , ទី២- គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ប្រវែងជាង ១២គីឡូម៉ែត្រ, និងទី៣-គម្រោងសាងសង់ ផែទេសចរណ៍នៅកោះទន្សាយ ដែលគ្រោងនិងបច្ចប់នៅឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ បានគូបញ្ជាក់ថា ផ្លូវនេះនិងបានជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ខេត្តកែប ក្នុងការបំពេញសម្បទាទេសចរណ៍ ពិសេសនិងប្រែក្លាយតំបន់ទេសចរណ៍ឆ្នេរអង្កោលនេះ ឱ្យកាន់តែមានសោភណភាព ងាយស្រួសដល់ការធ្វើដំណើររបស់ភ្ញៀវទសចរណ៍ជាតិ អន្តរជាតិ មកកាន់តំបន់នេះ ។
ឯកឧត្តមអនុរដ្ឋខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យទេសចរណ៍ ដោយចាត់ទុកថាជាឧស្សាហកម្មគ្មានផ្សែង ហើយបានជម្រុញអោយមានការអភិវឌ្ឍតំបន់ទេសចរណ៍ជាអាទិ៍ បានចំណាយជាង ៣០០លានដុល្លារក្នុងការរៀបចំក្រុងព្រះស៊ីហនុ ១៥០លានដុល្លារ រៀបចំក្រុងសៀមរាប ហើយខេត្តកែបក៏កំពុង ធ្វើការកែលំអរតំបន់ទេសចរណ៍ជាច្រើនកន្លែងផងដែរ ដែលនេះគឺជាចក្ខុវិស័យច្បាស់លាស់ ក្នុងការត្រៀមទទួលភ្ញៀវទេសចរណ៍ទូទាំងពិភពលោក បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង ៕ ប្រភព ៖ ខេត្តកែប