ប្រេសិតពិសេសប្រធានអាស៊ាននឹងអញ្ជើញទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០-២៣ ខែមីនា

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ាន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន០២ រួមមាន៖ ១) ការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីនដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន២.០០០ លានយ៉េន (ប្រមាណ ១៨,២ លានដុល្លារ) និង២) ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២.៧៨៦ លានយ៉េន (ប្រមាណ ២៥,៣ លានដុល្លារ) កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។

ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្តរបស់សម្តេច ក្នុងការជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា តាមរយៈការអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២២ ដែលដំណើរទស្សនកិច្ចនេះ គឺដើម្បីបំបែកភាពជាប់គាំង និងបើកផ្លូវឱ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីផែនការរបស់ឯកឧត្ដម ដើម្បីទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន ពីថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ៖ពលជ័យ

ads banner