អាជ្ញាជាតិអប្សរា ពង្រឹងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ ក្នុងរមណីយដ្ឋានអង្គរ
អាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញ ស្តីពី «បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ» ជូនដល់មន្ត្រី-បុគ្គលិក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នាមជ្ឍមណ្ឌលអាជ្ញាធរជាតិអប្សរា ខេត្ដសៀមរាប ។
លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា និងនិស្សិត លើការងារពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់ នៃការគ្រប់គ្រងសំណង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងនីតិវិធី ក្នុងការចុះសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាព។
សិក្ខាកាមបានស្វែងយល់បទបង្ហាញ ៤ចំណុចសំខាន់ៗ រួមមាន៖
១- ច្បាប់គតិយុត្តិ (ការគ្រប់គ្រង និងប្រើប្រាស់ដី ការបដិសេធច្បាប់សាងសង់ ការអនុញ្ញាតច្បាប់សាងសង់)។
២- សំណង់លំនៅដ្ឋានខ្មែរ(លក្ខណ:ទូទៅ នៃផ្ទះខ្មែរ ប្រភេទសំណង់ នៃផ្ទះខ្មែរ លក្ខណ:បច្ចេកទេស នៃការសាងសង់ផ្ទះខ្មែរ និងការតុបតែងកែលម្អ)។
៣- ការផ្លាស់ប្ដូរសំណង់ផ្ទះខ្មែរ
៤- គោលការណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងការគ្រប់គ្រងលំនៅដ្ឋានប្រពៃណីក្នុងឧទ្យានអង្គរ ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប











