មរតកដ៏មានតម្លៃរបស់ប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា មានប្រភពចេញពីចលនារបស់ប្រជាជន ដើម្បីដណ្តើម ឯករាជ្យជាតិពីពួកអាណានិគមបរទេស និងបានបដិសន្ធិឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ ចាប់តាំងពីថ្ងៃបដិសន្ធិ រហូតមកដល់បច្ចុប្បន្ន មានរយៈពេល៧១ឆ្នាំ ដែលសកម្មភាពរបស់គណបក្សត្រូវបានផ្សារភ្ជាប់ យ៉ាងជិតស្និទ្ធជាមួយនឹងដំណើរវិវត្តន៍នៃសង្គមជាតិកម្ពុជា។ ជាពិសេសក្នុងរយៈពេលជាង ៤៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដឹកនាំការចាក់គ្រឹះយ៉ាងរឹងមាំ ជ្រាលជ្រៅក្នុងការកសាង ការពារ និងពង្រឹងពង្រីកឥតឈប់ឈរនូវផលប្រយោជន៍របស់ប្រជាជន។
សមិទ្ធផលរីកម្រើនសន្ធឹកសន្ធាប់ដូចសព្វថ្ងៃនេះ គឺជាមរតកដ៏មានតម្លៃ ឧត្តុងឧត្តមថ្លៃថ្លាបំផុត, ជាមរតក ៧មករា ដែលត្រូវតែថែរក្សាការពារឲ្យបានគង់វង្សជានិរន្តរ៍។ បើគ្មានគណបក្សប្រជាជនកម្ពុជាដឹកនាំការតស៊ូ ផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃ ៧មករា ទេ គឺគ្មានសមិទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះឡើយ។
យើងទាំងអស់គ្នាគប្បីចងចាំថា អ្វីដែលជាមរតកដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា គឺការសង្គ្រោះអាយុជីវិតរបស់ប្រជាជនចេញពីរបប ប៉ុលពត ការបញ្ចប់សង្គ្រាមបង្កើតបានសន្តិភាព និងការអភិវឌ្ឍ ហើយបច្ចុប្បន្ននេះ បានសង្គ្រោះប្រជាជន និងប្រទេសជាតិចេញផុតពីគ្រោះមហន្តរាយនៃជំងឺឆ្លងសកលកូវីដ១៩ ដ៏កាចសាហាវ ដែលកំពុងរាតត្បាតពិភពលោកយ៉ាងធ្ងន់ធ្ងរបំផុត។
ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិតជាមានភព្វសំណាង ថ្នាក់ដឹកនាំគណបក្សប្រសូត្រចេញពីប្រជាជន ដឹង ស្គាល់ យល់ពីសុខទុក្ខប្រជាជន និងបានជួយធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីប្រជាជន និងប្រទេសជាតិ។
គណបក្សប្រជាជនកម្ពុជា គឺជាទីបង្អែកដ៏កក់ក្តៅ និងជាក្តីសង្ឃឹមដ៏មុតមាំពិតប្រាកដតែមួយគត់ ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិឲ្យបន្តឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។
ប្រជាជនកម្ពុជាគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាឲ្យបាននូវសមិទ្ធផល ដែលជាមរតកដ៏មានតម្លៃរបស់យើងទាំងអស់គ្នា ឲ្យបានស្ថិតស្ថេរគង់វង្ស និងដើម្បីអនាគតដ៏រុងរឿងរបស់យើង គ្រួសារយើង សហគមន៍យើង ជាតិ និងមាតុភូមិយើងទាំងមូល៕