រដ្ឋមន្ត្រីក្រសួងការងារ៖ផែនការយុទ្ធសាស្ត្រក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប នៅតែមាននិរន្តរភាព បន្តរីកចម្រើន
រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ចំពោះវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ជាមួយក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាវិស័យអាទិភាព ដែលតម្រូវឲ្យមាននូវការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២១-២០២៤ ដែលផែនការយុទ្ធសាស្ត្រនេះ នឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។
![](https://asset.ams.com.kh/central/media/photo_2022-03-03_16-12-27-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-03_16-12-29-1024x682.jpg)
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍បែបនេះ ខណៈអនុញ្ញាតឲ្យលោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ដឹកនាំសមាជិករបស់សមាគម ចូលជួបពិភាក្សាការងារ និងទទួលបានការណែនាំលើទិសដៅនៃការរក្សានិរន្តរភាពការងារ នៃកំណើន នៃវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដើម្បីបន្តជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
![](https://asset.ams.com.kh/central/media/photo_2022-03-03_16-12-30-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-03_16-12-31-1024x682.jpg)
លោកឧកញ៉ា គង់ សាង បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីដើមរហូតមក នៅតែជាក្រសួងពាក់ព័ន្ធសំខាន់ទីមួយ សម្រាប់វិស័យរបស់យើង ដែលជាវិស័យអតិពលកម្ម។ ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥លានដុល្លារអាមេរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨,០១៧លាន ស្បែកជើង ១,៣៩០លាន និងផលិតផលធ្វើដំណើរ ១,៤៩០លាន ក្រៅពីនេះគឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត។ បច្ចុប្បន្នសមាគមមានសមាជិកជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤៦២ ផលិតស្បែកជើងចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២។
![](https://asset.ams.com.kh/central/media/photo_2022-03-03_16-12-34-1024x682.jpg)
តាមរយៈកិច្ចពិភាក្សា និងស្តាប់យោបល់គ្នាទៅវិញទៅមក ដើម្បីភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយGMAC ដែលអាចដោះស្រាយនូវបញ្ហានានាបន្តទៀត ជាពិសេសនៅក្នុងបរិបទកំណើននៃការបញ្ជាទិញគឺកើនឡើងខ្ពស់ បណ្តាឲ្យខ្វះខាតនូវកម្លាំងពលកម្ម។ ជាមួយនេះ ក្រសួងនឹងបន្តជំរុញឲ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) និងទីភ្នាក់ងារជ្រើសរើសឯកជន ផ្តល់ការផ្គត់ផ្គង់ទៅដល់រោងចក្រ សហគ្រាស ដែលកំពុងតែមានតម្រូវការកម្លាំងពលកម្មខ្ពស់នេះ ដើម្បីបង្កើនចង្វាក់ផលិតកម្មផ្សេងៗរបស់ខ្លួន៕ដោយ៖ម៉ាដេប៉ូ