អភិបាលរាជធានីភ្នំពេញប្ដេជ្ញាចិត្ថ បន្តការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ
ភ្នំពេញ៖ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានធ្វើការប្ដេជ្ញាចិត្ថថា នឹងបន្តធ្វើការងារនៅក្នុងឆ្នាំ២០២២នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងសំរាមឲ្យកាន់តែល្អប្រសើរ ខណៈដែលមានក្រុមហ៊ុន៣ បាននិងកំពុងតែប្រកួតប្រជែងគ្នាលើការប្រមូលសំរាមចេញពីរាជធានីភ្នំពេញនិងការដាក់ចេញនូវវិធានការឲ្យបានហ្មត់ចត់បំផុត ជុំវិញការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដើម្បីបើកសេដ្ឋកិច្ចជាតិឡើងវិញ។
ការប្ដេជ្ញាចិត្តបែបនេះ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់រដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែ មិនាឆ្នាំ២០២២ នេះក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសនោះបានសំដែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានអនុវត្តការងារបានយ៉ាងល្អនៅក្នុងឆ្នាំ២០២១ ពិសេសគឺ រក្សាបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពរដ្ឋនៅក្នុងរាជធានីភ្នំពេញ ការអភិវឌ្ឍរាជធានីភ្នំពេញ បានកាន់តែរីកចម្រើន ដែលធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋកាន់តែធូរធារ។
សម្ដេចក្រឡាហោម ស ខេង ក៏បានសំដែងនូវការកោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជា អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ដែលបានចូលរួមនៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន ។ រដ្ឋបាលរាជធានីភ្នំពេញត្រូវតែអនុវត្តឲ្យបានល្អប្រសើរ លើការពង្រឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អបន្ថែមទៀត នៅក្នុងឆ្នាំ២០២២នេះ ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ផងដែរថា ស្របពេលដែលស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន កាន់តែក្តៅ សម្ដេចបានជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខឲ្យបានមួយម៉ាត់បំផុតទៅលើស្ថានទូត ស្ថានតំណាងនានាដែលមាននៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឲ្យជនឱកាសនិយមឆក់យកឱកាសនេះបង្កឱ្យមានភាពចលាចលនៅកម្ពុជា ។ យើងមិនត្រូវមើលស្រាលសភាពការណ៍នោះទេ ។ ត្រូវអនុវត្តធ្វើយ៉ាងណាឱ្យភូមិសង្កាត់មានសុវត្ថិភាពទទួលបាននូវការជឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៕ដោយ ៖ ហេង សម្បត្តិ