ធនាគារជាតិនៃកម្ពុជា បង្ហាញលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការ នយោបាយរូបិយវត្ថុ លើកទី៥៨
ភ្នំពេញ៖ ការបើកប្រទេសឡើងវិញ បានផ្ដល់ផលវិជ្ជមាន ទៅលើ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលរួមមាន ការដឹកជញ្ជូន ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងស្រុកជាដើម ស្របពេលដែល សេដ្ឋកិច្ចពិភពលោក បន្តទទួលបានកំណើន ។ អត្រាអតិផរណា បន្តស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបាន ក្នុងអត្រា ៣ភាគរយ ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ ៤១០៨ រៀលក្នុងមួយដុល្លារ អាមេរិក។ ទុនបម្រុងអន្តរជាតិ បន្តមានកម្រិតខ្ពស់គ្រប់គ្រាន់ ដែល ស្មើនឹង ៨ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់ គ្រាបន្ទាប់ សម្រាប់បម្រើដល់ការអនុវត្តនយោបាយរូបិយវត្ថុ ក៏ដូចជា នយោបាយអត្រាប្តូរប្រាក់។ ធនាគារជាតិនៃកម្ពុជា បន្តអនុវត្ត នយោបាយវិត្ថារកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ខណៈដែល បន្តរក្សា បានស្ថិរភាពរឹងមាំក្នុងវិស័យធនាគារ។នេះជាអ្វីដែលបាន
បង្ហាញ នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការនយោបាយរូបិយវត្ថុ លើក ទី៥៨។
ធនាគារជាតិនៃកម្ពុជាកាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បានរៀបចំ កិច្ចប្រជុំគណៈកម្មាធិការនយោបាយរូបិយវត្ថុ លើកទី៥៨ ក្រោម អធិបតី ភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាល និងជាប្រធាន គណៈកម្មាធិការនយោបាយរូបិយវត្ថុ ។កិច្ច ប្រជុំបានពិភាក្សាលើ បច្ចុប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក វឌ្ឍនភាព និង បញ្ហាប្រឈម នៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងនយោបាយរូបិយវត្ថុសម្រាប់ អនុវត្តនាគ្រាខាងមុខ។
អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តនយោបាយរូបិយវត្ថុនិងបានផ្ដល់ការណែនាំសម្រាប់ការអនុវត្តនយោបាយរូបិយវត្ថុ សម្រាប់គ្រាបន្ទាប់។ ការលេចឡើងមេរោគបំប្លែងថ្មី អូមីក្រុង ក្នុងសហគមន៍ អាចនឹងមានផលប៉ះពាល់ដល់សន្ទុះកំណើន ក៏ប៉ុន្តែ ឥទ្ធិពលនេះរំពឹងថាថមថយដោយសារការគ្រប់គ្រងលើការរាលដាល និងវិធានការគាំទ្រនានា របស់រាជរដ្ឋាភិបាល។
ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាព នយោបាយ រូបិយវត្ថុ សម្រាប់គ្រាបន្ទាប់ គណៈកម្មាធិការ នយោបាយ រូបិយវត្ថុ បានសម្រេចលើជំហរនយោបាយរូបិយវត្ថុ ចំនួនប្រាំ។ ក្នុងនោះ៖១. បន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀល ធៀប នឹងដុល្លាr អាមេរិកដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ រួមទាំង ការធ្វើ អន្តរាគមន៍ និងការបញ្ចេញសន្ទនីយភាពជាប្រាករៀល។២.រក្សា អត្រា ការ ប្រាក់ ដេញថ្លៃ នៃប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមាន ការធានា (LPCO) និងការផ្តល់សន្ទនីយភាព ក្នុងរយៈពេលខ្លី (ML ) ក្នុង កម្រិតសមស្រប។៣. ផ្តល់សន្ទនីយភាពតាមយន្តការ LPCO ក្នុង បរិមាណដែលជួយដល់តម្រូវការប្រាក់រៀល របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។៤. បន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ច ក្នុងអត្រា ៧% ទាំងប្រាក់រៀល និងដុល្លារអាមេរិក ។៥. បន្តលើកកម្ពស់ ការយល់ដឹង និងការប្រើប្រាស់ប្រាក់រៀល ៕
ដោយ៖ វ៉េង លីមហួត