ក្រសួងបរិស្ថាន និងដៃគូបើកយុទ្ធនាការ “អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា”
រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធនឹងបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា»រយៈពេល ៦ខែសំដៅធ្វើយ៉ាងណាអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីតម្លៃសត្វព្រៃ និង បឈ្ឈប់ការដាក់អន្ទាក់សត្វព្រៃបន្តទៅទៀត។


ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងយុទ្ធនាការនេះនឹងអនុវត្តទៅលើខេត្តចំនួន៦ ក្នុងនោះចាប់ពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ តទៅ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី ព្រះវិហារ និងខេត្តកំពង់ធំ ។ សម្រាប់កិច្ចការនេះដែរក្រសួងបរិស្ថាននឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក៏ដូចជាបញ្រ្ជាបចំណេះដឹង ពីផលប៉ះពាល់ដែលកើតឡើងពីធនធានធម្មជាតិ ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើថាអន្ទាក់គឺកត្តាដែលគំរាមកំហែងខ្លាំងចំពោះសត្វព្រៃ។ បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ២០២១ មានចំនួន ៦១៦១១ អន្ទាក់ កើនឡើងប្រមាណជាង ២០% បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។


ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការ អន្ទាក់សូន្យនឹងជាផ្នែកមួយនៃការជួយបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់មានច្រើនយ៉ាង មានទាំងកាំភ្លើងកែច្នៃ ស្នា អន្ទាក់វៃបំបាក់ស្មងជើង អន្ទាក់ឆក់ខ្សែភ្លើង ហើយអន្ទាក់ឆក់ខ្សែភ្លើងបង្កគ្រោះថ្នាក់បំផុតដែលធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិតសត្វគ្រប់ប្រភេទ ។
ឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងថា ក្នុងយុទ្ធនាការនេះដែរសំដៅធ្វើយ៉ាងណាឱ្យប្រជាលពលរដ្ឋតាមមូលដ្ឋានដែលមានទម្លាប់ចាប់សត្វព្រៃឱ្យងាកមកគោរពច្បាប់ និង ឱ្យពួកគាត់យល់ពីតម្លៃសត្វព្រៃ ហើយរួមគ្នាមកចូលរួមអភិរក្សសត្វព្រៃ ដែលជាសត្វមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានជាសាកល ។ តាមពិតកម្ពុជាមានច្បាប់សម្រាប់ដាក់ទោសវិន័យហើយនិងសម្រាប់បទល្មើសដាក់អន្ទាក់ គឺជាច្បាប់ល្មើសធនធានធម្មជាតិថ្នាក់លេខ៣ ដែលក្នុងនេះមានទាំងការផាកពិន័យ និងទោសទណ្ឌ ហើយអាចប្រឈមនឹងជាប់ពន្ធនាគារពី១-៥ឆ្នាំ និងពិន័យជាប្រាក់ពី ១៥លានដល់ ១៥០លានរៀល ។


ឯកឧត្តមមានប្រសាសន៍ថា ក្នុងយុទ្ធនាការនេះគឺយើងនឹងរួមគ្នាធ្វើឡើងរយៈពេល៦ខែ ហើយក្នុងអំឡុងពេលនេះយើងនឹងឱ្យអាជ្ញាធរមូលដ្ឋាននិងសហគមន៍រួមគ្នាទប់ស្កាត់ក៏ដូចជាអប់រំផ្សព្វផ្សាយឱ្យពួកគាត់យល់ច្បាស់ពីច្បាប់ ពីទោសទណ្ឌនិងរួមទាំងតម្លៃរបស់សត្វព្រៃ។
ជាមួយគ្នានេះលោក សេង ទៀក ប្រធានអង្គការ WWF បានឱ្យដឹងថា បច្ចុប្បន្នអន្ទាក់ដែលត្រូវបានគេដោះនៅតាមតំបន់ការពារធម្មជាតិបានត្រឹមតែ ២០ភាគរយប៉ុណ្ណោះហើយចំនួន ៨០ភាគរយទៀតមិនទាន់បានដោះដែលជនល្មើសបានដាក់នៅតាមតំបន់ធនធានធម្មជាតិនានានៅប្រទេសកម្ពុជា។


ប្រធានអង្គការ WWFរូបនេះបានលើកឡើងថា ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០នៅតំបន់អាស៊ីអាគ្នេយ៍មានអន្ទាក់ប្រមាណ ១២លានអន្ទាក់ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ឡាវ ថៃ និងកម្ពុជា ដែលកំពុងគំរាមកំហែងសត្វព្រៃ ។ អន្ទាក់ទាំងនេះគឺជាដើមចមធ្វើឱ្យបាត់បង់នូវសត្វកម្រៗក្នុងលោកដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម ។ ជាមួយគ្នា ប្រធានអង្គការរូបនេះចង់ឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ចំពោះជនល្មើសសម្លាប់សត្វព្រៃកម្រ ក៏ដូចជាភោជនីយដ្ឋានឬតំបន់នានាដែលបានជួញដូរសត្វព្រៃជាដើម ។
លោក ឈិន សំអាត តំណាងមកពីគម្រោង USAID ព្រៃឡង់បៃតងបានលើកឡើងថា បើយើងពុំមានវិធានការណាមួយឱ្យជាក់លាក់ទៅលើបញ្ហាអន្ទាក់ដែលត្រូវបានជនល្មើសកំពុងប្រព្រឹត្តិរៀងរាល់ថ្ងៃទេយើងពិតជាទទួលរងផលលំបាកនិងសត្វព្រៃនឹងបាត់បង់បន្តបន្ទាប់ទៀតជាក់ជាពុំខាន។ទន្ទឹមជាមួយគ្នាក៏ត្រូវអនុវត្តច្បាប់ និងការផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋានផងដែរ។


លោក ប៊ូវរក្សសក្ស ប្រធានអង្គការ Birdlife in Cambodia បានលើកថា អន្ទាក់ក្រៅពីបានសម្លាប់សត្វជើងជំពាម សត្វព្រៃដទៃទៀតវាក៏បានសម្លាប់សត្វស្លាបជាបន្តបន្ទាប់ផងដែរ ។ ក្រុមជនល្មើសក្រៅពីដាក់អន្ទាក់ នៅរាយមង និងដាក់ឧបករណ៍ដទៃទៀតសម្រាប់សម្លាប់សត្វដ៏កម្រថែមទៀត ។ ជាក់ស្តែងក្នុងឆ្នាំ២០២១កន្លងមកសត្វត្រយ៉ងយក្ស ៣ក្បាលត្រូវបានជាប់អន្ទាក់ ប៉ុន្តែត្រូវបានក្រុមសង្រ្កោះជួយដោះលែងវាវិញបានទាន់ពេលវេលា។
ដោយឡែក លោក Leremy Parker តំណាងមកពីអង្គការ FFI បានថ្លែងបញ្ជាក់ឱ្យដឹងថា អន្ទាក់គឺជាបញ្ហាមួយដែលយើងតែងជួបប្រទះ ហើយយើងចាំបាច់ត្រូវពង្រឹងតាមសហគមន៍ដើម្បីឱ្យគាត់ដើរល្បាត និងស្តារនៅតាមតំបន់សំខាន់ៗដើម្បីធ្វើយ៉ាងណាកុំឱ្យសម្លាប់សត្វបន្តទៅទៀត។



គួរបញ្ជាក់ថាពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញដោយមានការចូលរួមពីអន្តរក្រសួង រដ្ឋបាលខេត្តពាក់ព័ន្ធនឹងអង្គការដៃគូនានាដែលសហការជាមួយក្រសួងបរិស្ថានក្នុងយុទ្ធនាការអន្ទាក់សូន្យនេះ ៕ ដោយ ៖ ម៉ាដេប៉ូ