អតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិចអំពាវនាវដល់សមាជិកនិងអ្នកគាំទ្រជិត៤០ម៉ឺននាក់មករួបរួមគ្នាជាមួយគណបក្សខ្មែររួបរួមជាតិ

ភ្នំពេញៈ ស្ថាបនិកនៃហ៊្វុនស៊ិនប៉ិច អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិចបានធ្វើការអំពាវនាវដល់សកម្មជន សមាជិកសមាជិកានិងអ្នកគាំទ្រជិត៤០ម៉ឺននាក់នៅទូទាំងប្រទេសមករួបរួមគ្នាជាមួយអតីតអ្នកតស៊ូនៃចលនាហ៊្វុនស៊ិនប៉ិច ក្នុងក្របខ័ណ្ឌនៃគណបក្សខ្មែររួបរួមជាតិ ដើម្បីលើកស្ទួយកិត្យានុភាព និងប្រជាប្រិយភាពអ្នករាជានិយមអ្នកសីហនុ និយមរណឫទ្ធិនិយមដែលបានចុះខ្សោយជាបន្តបន្ទាប់ក្រោយការបោះឆ្នោតឆ្នាំ២០១៨ដែលបង្កឡើងដោយបុគ្គលមួយក្រុមតូចក្នុងហ៊្វុនស៊ិនប៉ិច បានច្នៃប្រឌិតលិខិតមិនប្រក្រតីជាច្រើនឬប្រើប្រាស់លិខិតក្លែងបន្លំមកបំផ្លាញទឹកចិត្តមន្ត្រីស្មោះត្រង់ ជាច្រើនរូប ដែលជាសេនាធិការផ្ទាល់របស់សម្ដេចក្រុមព្រះ។ ភាពស្អាតស្អំ និងភាពត្រឹមត្រូវស្របតាមច្បាប់ លក្ខន្តិកៈ និងលិខិតបទដ្ឋាននានារបស់ចាស់ទុំដែលជាស្ថាបនិកនៃហ៊្វុនស៊ិនប៉ិចត្រូវបានកំណត់ទុកក្នុងប្រវត្តិសាស្ត្ររបស់គណបក្សហ៊្វុនស៊ិនប៉ិច ជារៀងដរាប។ នេះបើយោងតាមលិខិតចំហរចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

សន្និសីទកាសែតរបស់ក្រុមអតីតមន្រ្តីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីរសៀលថ្ងៃ២ខែមីនាឆ្នាំ២០២២

នៅក្នុងលិខិតចំហររបស់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ “ខ.រ.ជ” ដែលបច្ចុប្បន្នដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាអតីតអ្នកតស៊ូ នៃចលនាហ៊្វុនស៊ិនប៉ិចតែងរិះរកមធ្យោបាយ ដើម្បីរួបរួមគ្នាក្នុងមហាគ្រួសារហ៊្វុនស៊ិនប៉ិច ស្របតាមព្រះបន្ទូល ដោយផ្ទាល់នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីព្រះអង្គទ្រង់នៅមានព្រះជន្ម ។ ប៉ុន្តែការបង្រួបបង្រួមរវាងគណបក្សទាំងពីរដែលមានប្រភពឫសគល់តែមួយនេះ ត្រូវបានបុគ្គលមួយក្រុមតូចព្យាយាមរារាំងម្ដងហើយម្ដងទៀតធ្វើឲ្យការវិលត្រឡប់មករួមរស់ក្នុងមហាគ្រួសាររាជានិយមមួយនេះ ត្រូវទទួលបរាជ័យ។

មជ្ឈដ្ឋានជាច្រើនបានសម្លឹងឃើញថា ភាពបែកបាក់ផ្ទៃក្នុង និងការធ្លាក់ចុះយ៉ាងគំហុកនូវប្រជាប្រិយភាពនៃការគាំទ្រ និងការធ្លាក់ចុះនៃសក្តានុពលនយោបាយរបស់ហ៊្វុនស៊ិនប៉ិច គឺបណ្ដាលមកកត្តាអសមត្ថភាពក្នុងការគ្រប់គ្រង និងគ្មានបទពិសោធន៍ដឹកនាំគណបក្សនយោបាយ រួមទាំងការបណ្ដេញចាស់ទុំដែលជាសសរ គ្រឹះដ៏រឹងមាំរបស់គណបក្ស ព្រមទាំងការផ្លាស់ប្តូររចនាសម្ព័ន្ធដោយរំលោភលើនីតិវិធីនៃលក្ខន្តិកៈគណបក្ស។

ប្រភពដដែលបានបន្តថាជាការពិតណាស់កន្លងមកស្ថាបនិកហ៊្វុនស៊ិនប៉ិចអតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច បានខិតខំព្យាយាមសម្របសម្រួលដោះស្រាយបញ្ហាហ៊្វុនស៊ិនប៉ិច ឲ្យចប់សព្វគ្រប់ទៅតាមនីតិវិធី និងលិខិត បទដ្ឋាននានាជាធរមានដើម្បីឈានទៅរកការផ្សះផ្សាមួយដោយលុបបំបាត់ការយល់ច្រឡំផ្សេងៗទៅលើលិខិតមិនប្រក្រតីនានាដែលជាដើមហេតុនៃការបែកបាក់រចនាសម្ព័ន្ធផ្ទៃក្នុងគណបក្ស។ក្នុងនោះបញ្ហាការបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិមកក្នុងក្របខណ្ឌនៃគ្រួសារគណបក្សហ៊្វុនស៊ិនប៉ិចក៏ជាគោលការណ៍មួយផ្នែកនៃព្រះតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីទ្រង់នៅមានព្រះជន្មផងដែរ ប៉ុន្តែពុំត្រូវបានបុគ្គលមួយក្រុមតូចក្នុងហ៊្វុនស៊ិនប៉ិច ផ្តល់តម្លៃជាវិជ្ជមាននោះទេ។

ដោយមើលឃើញថា នៅក្នុងកាលៈទេសៈនេះគឺជាពេលវេលាសំខាន់សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាស់ទុំស្ថាបនិកនៃហ៊្វុនស៊ិនប៉ិច និងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិច មានជម្រើសដ៏ល្អមួយ ដោយសូមធ្វើការអំពាវនាវជាថ្មីម្ដងទៀតចំពោះអ្នករាជានិយម អ្នកសីហនុនិយម អ្នករណឫទ្ធិនិយម និងអ្នកប្រជាធិបតេយ្យ ជាពិសេស សហជីវិន សហជីវិនី ថ្នាក់ដឹកនាំនៅ មូលដ្ឋាន សកម្មជន សមាជិក សមាជិកា ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលជាកម្លាំងគាំទ្រដ៏សំខាន់ និងធ្លាប់គាំទ គណបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងបោះឆ្នោតឆ្នាំ២០១៨ សូមអញ្ជើញមកចូលរួមគាំទ្រគណបក្សខ្មែររួបរួមជាតិ“ខ.រ.ជ”តាមរយៈការចូលរួមរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ ជាក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងរចនាសម្ព័ន្ធរបស់ គណបក្សខ្មែររួបរួមជាតិនៅទូទាំងប្រទេស រួមទាំងការកៀងគរសមាជិក សមាជិកា និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅ ខែ មិថុនា ឆ្នាំ ២០២២ នា ពេលដ៏ខ្លីខាងមុខនេះ។

ការចូលរួមជាមួយ គណបក្សខ្មែររួបរួមជាតិ គឺជាជម្រើសដ៏ល្អមួយ ក្នុងការលើកកម្ពស់ កិត្យានុភាព ប្រជាប្រិយភាព និងសក្តានុពលនយោបាយ នៃអ្នករាជានិយម អ្នកសីហនុនិយម រណឫទ្ធិនិយម ដែលបានចុះខ្សោយជាបន្តបន្ទាប់ ចាប់តាំងពីក្រោយការបោះឆ្នោតនៅឆ្នាំ២០១៨។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោកញឿន រ៉ាដែន កាលពីថ្ងៃទី២ខែមីនាឆ្នាំ២០២២បានប្រាប់AMSថាគណបក្ស ហ៊្វុនស៊ិនប៉ិច ពុំមានសេចក្តីភ្ញាក់ផ្អើលចំពោះក្រុមទាំងនោះឡើយ ដោយសារកន្លងមក គណបក្សហ៊្វុនស៊ិនប៉ិចបានសម្រេច បញ្ចប់សមាជិកភាពពីគណបក្សហើយ។គណបក្សហ៊្វុនស៊ិនប៉ិចបានធ្វើការនិងមានឥស្សរជននយោបាយធ្វើការនៅមូលដ្ឋានយ៉ាងសកម្ម ពុំមានបញ្ហាឡើយ ។

លោកញឿន រ៉ាដែន បានអះអាងថា “មកដល់ពេលនេះ គណបក្សបានធ្វើដំណើរទៅមុខជានិច្ច យើងពុំខ្វល់ ជាមួយមនុស្ស អសកម្ម ចាំតែប្រឆាំងជាមួយយើងឡើយ ។ ព្រះអង្គម្ចាស់ នរោត្តម ចក្រា វុធ លោកមានទិសដៅ និងផែនការសកម្មភាពច្បាស់លាស់”៕ ដោយៈ ពលជ័យ

ads banner