ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យអាស៊ានណាប៉ូល បន្តកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីទប់ស្កាត់ឱ្យខានតែបាន នូវអំពើភេរវកម្ម ដែលនឹងប្រែក្លាយអាស៊ានឱ្យទៅជាអាស៊ាន សេរ៉ូភេរវកម្ម
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យអាស៊ាន ណាប៉ូល បន្តកិច្ចសហប្រតិបត្តិការគ្នាថែមទៀត ដើម្បីទប់ស្កាត់ឱ្យ ខានតែបាននូវអំពើភេរវកម្មទាំងឡាយ ដែលនឹងប្រែក្លាយអាស៊ាន ឱ្យទៅជាអាស៊ានសេរ៉ូភេរវកម្ម ។ការលើកទឹកចិត្តរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានធ្វើឡើងនៅជំនួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូអាស៊ានណាប៉ូល នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានថា សម្ដេចតេជោ ហ៊ុន សែន បាន ស្វាគមន៍គណៈប្រតិភូអាស៊ានណាប៉ូល និងបានសម្ដែងនូវ អំណរគុណ ជូនដល់ប្រតិភូអាស៊ានណាប៉ូលទាំងអស់ ដែលបាន អញ្ជើញមកចូលរួមសន្និសីទលើកទី៤០ របស់អាស៊ានណាប៉ូល នៅរាជធានីភ្នំពេញ ជាពិសេស នៅពេលដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតពិភពលោក។ សម្តេចថា កម្ពុជា ក៏ជាប្រទេសមួយ ដែល រងនូវការរាតត្បាតជំងឺកូវីដ-១៩ ដែរ ប៉ុន្តែដោយការចាក់ ស្រោចវ៉ាក់សាំងទៅលើប្រជាពលរដ្ឋដែលរស់នៅកម្ពុជា មិនថា តែប្រជាពលរដ្ឋកម្ពុជាទេ ទាំងប្រជាពលរដ្ឋបរទេសផងដែរ ធ្វើឱ្យ កម្ពុជា អាចបើកប្រទេសឡើងវិញកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែង នូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ានណាប៉ូល ដែលអាចទប់ស្កាត់នូវអំពើភេរវកម្មទាន់ពេលវេលា ក្នុងន័យនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យអាស៊ានណាប៉ូលទាំងអស់គ្នា បន្តកិច្ចសហប្រតិបត្តិការថែមទៀត ជាពិសេស ដើម្បីទប់ស្កាត់ ឱ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយណា ដែលប្រែក្លាយអាស៊ាន ឱ្យទៅជាអាស៊ានសេរ៉ូសេវកម្ម ។
សម្តេចតេជោ ក៏បានលើកទឹកចិត្តផងដែរ ឱ្យអាស៊ានណាប៉ូល ទាំងអស់ ចែករំលែកនូវបទពិសោធន៍ព័ត៌មាន ហើយក៏ចង់ឲ្ យអាស៊ានណាប៉ូល ក្លាយជាឯកអគ្គរដ្ឋទូត ដើម្បីពង្រីក ពង្រឹង ទំនាក់ទំនងរវាងប្រទេសផង និងជំរុញពាណិជ្ជកម្មរវាង ប្រទេស អាស៊ានក្នុងតំបន់ផង។ សម្តេចតេជោ បានថ្លែងអំណរគុណជាថ្មីម្ដងជូន គណៈប្រតិភូ អាស៊ានណាប៉ូលទាំងអស់ ហើយក៏បានផ្ដល់នូវក្ដីសង្ឃឹមថា ប្រតិភូទាំងអស់ នឹងចូលរួមធ្វើឱ្យសន្និសីទនេះ ទទួលបានជោគជ័យ ។
ជាការឆ្លើយតប គណៈប្រតិភូអាស៊ានណាប៉ូល បានប្ដេជ្ញាចំពោះ សម្ដេចតេជោថា នឹងការអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ផង នឹងប្រឹងប្រែងធ្វើយ៉ាងណា ប្រែក្លាយតំបន់អាស៊ាន ឱ្យក្លាយ ជាតំបន់កិច្ចសហប្រតិបត្តិការប្រកបដោយសុខដុមបនីយកម្ម ស្ថេរភាព និងសន្តិភាព ។ សូមជម្រាបថា សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត» ៕ ដោយ៖ វណ្ណលុក