វិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា ជាវិស័យអាទិភាពជំរុញកំណើនសេដ្ឋកិច្ចជាតិរយៈពេលវែង

ភ្នំពេញ ៖ វិស័យធំៗចំនួនពីរនៅកម្ពុជារួមមានវិស័យយានយន្ត និងអេឡិចត្រូនិក នឹងអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ប៊ីលានដុល្លារ និងអាចបង្កើតការងារថ្មីជាង ២២,០០០កន្លែងក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា វិនិយោគិនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជាក៏នឹងទទួលបាននូវប្រយោជន៍ពីការរៀបចំនេះផងដែរ ដូចជាការបង្កើតធនធានមនុស្ស ប្រកបដោយជំនាញ ការធ្វើឱ្យប្រសើរឡើងថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និងភ័ស្តុភារកម្ម ដើម្បីគាំទ្រភាពប្រកួតប្រជែងតម្លៃនៃកម្មន្តសាល និងការផ្តល់នូវកិច្ចសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្មដែលកាន់តែមានប្រសិទ្ធភាពដល់ការនាំចូល និងនាំចេញផលិតផល។

ឯកឧត្តមបន្តថា វិស័យយានយន្ត និងអេឡិចត្រូនិច ត្រូវបានជ្រើសរើសនិងកំណត់ជាវិស័យអាទិភាពដើម្បីចូលរួមចំណែកដល់ការងារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការធ្វើទំនើបកម្ម និងពិពិធកម្មដែលមានសង្គតិភាពជាមួយគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ្ជកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល តាមរយៈកិច្ចប្រឹងប្រែងរួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងការ កំណត់នូវយុទ្ធសាស្ត្រ, ទិសដៅ និងយន្តការចាំបាច់ដើម្បីធ្វើការអភិវឌ្ឈ និងទាក់ទាញការវិនិយោគលើវិស័យ យានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងតម្លៃក្នុងប្រតិបត្តិការវិស័យទាំងនេះ។

គួរបញ្ជាក់ថា វិស័យធំៗទាំងពីរនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារៀបចំជាសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ហើយត្រូវបានលើកយកមកពិភាក្សាពិគ្រោះយោបល់កាលពីរសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភពអង់គ្លេសប្រចាំរកម្ពុជា ដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែម៕ ប្រភព៖ កម្ពុជាថ្មី ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner