គិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅជាង ១,៦០០ អគារ និងសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានសំណង់បុរី-បណ្ដុំផ្ទះល្វែង ចំនួន ៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១,៦០៣អគារ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីបានពិនិត្យផ្តល់យោបល់លើប្លង់ស្នើសុំ លិខិតអនុញ្ញាតសាងសង់ចំនួន ១,០៥០គម្រោង នៅលើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លារបន្ថែមទៀត។
ឯកឧត្តមបន្តថា បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយសារវិបត្តិកូវីដ១៩យ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើនបាននឹងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុងនោះ គិតត្រឹមដំណាច់ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ យើងមានសំណង់បុរី-បណ្ដុំផ្ទះល្វែង ចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១,៦០៣អគារ និងបានពិនិត្យផ្តល់ យោបល់លើប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន ១,០៥០គម្រោង នៅលើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លារបន្ថែមទៀត។
ដោយឡែកចំនួនអាជីវកម្មដ្ឋានក៏មិនមានការថយចុះឡើយ ក្នុងនោះ រោងចក្រវិនិយោគមានចំនួន ៧៥៤រោងចក្រ និងឧស្សាហកម្មធុនតូច និង សិប្បកម្ម មានចំនួន ៥,១៧៤មូលដ្ឋានមានតម្លៃប៉ាន់ស្មានផលិតផលសរុប ២,០៥០ពាន់លានដុល្លារ បានផ្តល់ការងារជូនកម្មករ-កម្មការិនីចំនួន ៦៣១,៥៦៧នាក់កំពុងដំណើរការយ៉ាងសកម្ម។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ៕ ប្រភព៖ រស្មីកម្ពុជា ដោយ៖ ឈឹម ទីណា