ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម មានចំនួន ៩.៥៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១
ជញ្ជីងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងវៀតណាម មានប្រមាណ ៩.៥៣ ពាន់លានដុល្លារ ទោះបីមានវិបត្តិកូវីដ១៩ក៏ដោយ តែនៅរក្សាកំណើនគួរកត់សម្គាល់ ។
ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ង្វៀង ហ៊ុយ តាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ មានប្រសាសន៍ថា ជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទោះបីមានវិបត្តិកូវីដ១៩ ក៏ដោយ តែនៅរក្សាកំណើនគួរកត់សម្គាល់ ។
ជាក់ស្តែង នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ មានប្រមាណ ៥.៣ពាន់លានដុល្លារអាមេរិក និងឆ្នាំ២០២១ មានចំនួន ៩.៥៣ពាន់លានដុល្លារ យើងសង្ឃឹមថា នៅឆ្នាំ២០២២នេះ នឹងមានការកើនឡើងថែមទៀត ។
ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា វៀតណាម បានផ្តោតការយកចិត្តទុកដាក់ ទៅលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិតបត្តិការលេវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងកម្ពុជា-វៀតណាម ។
ជាការឆ្លើយតប ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ នៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និងគាំទ្រចំពោះសំណើរលើកឡើងរបស់ភាគីវៀតណាមខាងលើ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា បច្ចុប្បន្ន ត្រូវធ្វើការងារជាមួយសមភាគីវៀតណាមចំនួនពីស្ថាប័ន គឺក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម និងក្រសួង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាម៕