កម្ពុជាថ្លែងថាសង្គ្រាមនៅអឺរ៉ុបខាងកើតប៉ះពាល់ទំហំពាណិជ្ជកម្មកម្ពុជារុស្ស៊ី (Video Inside)
មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានថ្លែងថា ការផ្ទុះសង្គ្រាមរវាងប្រទេស រុស្ស៊ីនិងអ៊ុយក្រែន នឹងបង្កឲ្យមានផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-រុស្ស៊ី បើ ទោះបីជាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំតិចតួចក៏ដោយ។
យោងតាមលោករដ្ឋ លេខាធិការ ស៊ាង ថៃ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្ស៉ី មានទំហំតិចតួចគឺប្រមាណ៩៤ ក្បៀស១៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១។ ក្នុងទំហំពាណិជ្ជកម្មនោះ កម្ពុជានាំចេញទៅ រុស្ស៉ីមានចំនួនជាង៥៩ក្បៀស៥៤លានដុល្លារ ខណៈការនាំចូលពីរុស្ស៉ីវិញមានចំនួន ៣៤ ក្បៀស៦៤លានដុល្លារ ។
ប្រទេសរុស្ស៊ីបានរងនឹងការដាក់សម្ពាធពីពិភពលោកដែលបង្កក ធនាគារ, ដំណើរការសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងមុខរបររកស៊ីផ្សេងៗនាបច្ចុប្បន្ននេះ ក្រោយ ការផ្ទុះសង្គ្រាមវាយលុកលើប្រទេសអ៊ុយក្រែន។
មន្ត្រីពាណិជ្ជកម្មកម្ពុជាបានថ្លែងដែរថា ដោយឡែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយ ក្រែនវិញ ទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០២១ មានជាង៨ក្បៀស៥៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអ៊ុយក្រែនចំនួនជាង ៦លានដុល្លារ និងការនាំចូលពីអ៊ុយក្រែនវិញមានចំនួន ២ក្បៀស៤លានដុល្លារ។
លោក ស៊ាង ថៃ ដែលជាមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែង នៅថ្ងៃនេះថា «សង្គ្រាមដែលកំពុងផ្ទុះនៅប្រទេសអ៊ុយក្រែន នឹងបង្កឲ្យមានផលប៉ះពាល់ ជា អន្លើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-រុស្សី»។ លោកបញ្ជាក់ទៀតថា «ប៉ុន្តែតើទំហំប៉ះពាល់ មានកម្រិតត្រឹមណានោះ គឺគេមិនអាចទាន់វាយតម្លៃបានទេនាពេលនេះ»។
កម្ពុជា មុននេះបានជំរុញការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ជាមួយប្រទេស ក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីដែលរួមមានប្រទេសចំនួន៥ គឺប្រទេសអាម៉េនី Armenia, បេ ឡារុស, កាហ្សាក់ស្ថាន, កៀហ្សីស៊ីស្ថាន និងប្រទេសរុស្ស៊ី ប៉ុន្តែការចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-រុស្ស៉ី មិនទាន់បានចាប់ផ្ដើមនៅឡើយទេ។