គ.ជ.ប៖ បក្សនយោបាយអាចដាក់ពាក្យចុះបញ្ជីបេក្ខជន របស់ខ្លួនទៅ គឃ.សប ចាប់ពីទី៤-៦ ខែមីនា

ភ្នំពេញ៖ គណបក្សនយោបាយទាំងឡាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ អាចដាក់ពាក្យស្នើសុំចុះ បញ្ជី បេក្ខជន របស់ខ្លួនទៅគណៈកម្មការ ឃុំ-សង្កាត់រៀបចំការ បោះឆ្នោត (គឃ.សប) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

ការប្រកាសនេះធ្វើឡើងតាមរយៈក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញជាលើកទី២ ដើម្បី ប្រកាសផ្សព្វផ្សាយអំពីនីតិវិធីនៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ និងការដាក់ ការទទួលនិងការដោះស្រាយពាក្យបណ្តឹងតវ៉ាទាក់ទងនឹងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ការឈរ ឈ្មោះ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប។

នាឱកាសនោះ ឯកឧត្តម នុត សុខុម បានលើកឡើងថា «គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ អាចដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជនរបស់ ខ្លួនទៅ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២»។

ឯកឧត្តមបានបន្តថា ពាក្យសុំចុះបញ្ជីបេក្ខជនត្រូវចុះ ហត្ថលេខា ដោយប្រធានគណបក្សនយោបាយ ឬតំណាង ដែលបាន ទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពី ប្រធាន គណបក្សនយោបាយសាមី។ ឯកឧត្តមបន្តថា ការ ផ្ទេរសិទ្ធិ នេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែង តែ ក្នុង លិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

ឯកឧត្តម នុត សុខុម បានបន្តទៀតថា គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) មានប្រតិទិន ការងារ និងនីតិវិធីច្បាស់លាស់ក្នុងការទទួល និងពិនិត្យពាក្យ សុំ ចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។ បន្ទាប់ពីថ្ងៃ បញ្ចប់ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គឃ.សប ត្រូវធ្វើការ ពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជនក្នុងរយៈពេលមួយថ្ងៃ បន្ទាប់មកត្រូវបិទផ្សាយជាសាធារណៈរយៈពេលយ៉ាងយូរ៣ថ្ងៃនូវបញ្ជីបេក្ខជនដែលបានពិនិត្យរួចនៅទីស្នាក់ការ គឃ.សប។

លោកអនុប្រធាន គ.ជ.ប បានបញ្ជាក់បន្ថែមទៀតថា ក្នុង រយៈពេល៧ថ្ងៃយ៉ាងយូរ គណៈកម្មការឃុំ-សង្កាត់រៀប ចំ ការបោះឆ្នោត (គឃ.សប) ត្រូវសម្រេចយល់ព្រម ឬ បដិសេធលើពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរ- ឈ្មោះបោះឆ្នោត ហើយថាការដោះស្រាយពាក្យ បណ្តឹង តវ៉ាទាក់ទងនឹងការចុះបញ្ជីបេក្ខជននេះមាននីតិវិធីដោះស្រាយដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕
ដោយ៖រ៉ាវុធ
ខាងក្រោមនេះជាសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំរវាង គ.ជ.ប ៖

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner