ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋកូរ៉េ សម្តែងការគួរសម សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯ,ឧ ផាក ហ៉ឹងយ៉ុង (Park Heung Kyeong) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលជួបសម្តែងការគួរសម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា ឯ,ឧ នឹងខិតខំធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកូរ៉េ និងកម្ពុជា បន្តរីកចំរើនថែមទៀត ជាពិសេសជំរុញលើការអភិវឌ្ឍ ដូចជាពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យផ្សេងៗទៀត។
ដោយពេលខាងមុខនេះ នឹងមានកិច្ចប្រជុំកុំពូលរម្លឹកខួបអនុស្សាវរីយ៍ អាស៊ានកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ហើយក្នុងក្របខ័ណ្ឌអនុតំបន់នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ស្នើដំឡើងកម្រិតពីថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-កូរ៉េ មកជាកិច្ចប្រជុំកំពូល ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលមេគង្គ-កូរ៉េ ផងដែរ ។ សម្ដេចតេជោនឹងដឹកនាំគណៈប្រតិភូត្រូវខ្ពស់ ចូលរួមកិច្ចប្រជុំកំពូល ទាំងពីរនេះ នៅសាធារណរដ្ឋកូរ៉េ ដែល សម្ដេចនឹងអញ្ជើញចេញដំណើរនៅថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខ ហើយសម្ដេចមានសេចក្ដីរីករាយ ដែលភាគីកូរ៉េ ក៏ដូចជាប្រទេសមេគង្គ ៤ផ្សេងទៀត បានទទួលយកគំនិតផ្ដួចផ្ដើមបង្កើនកម្រិតនៃកិច្ចប្រជុំនេះ។
សម្ដេចរម្លឹកផងដែរថា សម្ដេចជាស្ថាបនិកបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលមកដល់ពេលនេះ មានការរីកចម្រើនយ៉ាងច្រើន លើគ្រប់វិស័យ រួមទាំង វិស័យពលករផងដែរ ដែលបច្ចុប្បន្នមានពលករខ្មែរ ប្រមាណជាង ៥ម៉ឺននាក់កំពុងធ្វើការ នៅកូរ៉េ ហើយសម្ដេចក៏មានគម្រោងជួបជាមួយ ពលករខ្មែរ ខណៈសម្ដេចអញ្ជើញទៅកាន់សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះដែរ ។
ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី សម្ដេចតេជោ រម្លឹកថា ថ្មីៗនេះ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ កយកា (KOIKA) បានផ្ដល់ជំនួយ១០លានដុល្លារដល់វិស័យដោះមីននៅកម្ពុជា ហើយ សម្ដេច បញ្ជាក់ថា ក្នុងទំនាក់ទំនងទ្វេភាគីនេះ កម្ពុជានៅមានសក្កានុពលជាច្រើនទៀត ដែលអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកូរ៉េ ដូច្នេះធ្វើយ៉ាងណាឱ្យមានការចរចា កិច្ចព្រមព្រៀងជំរុញការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ឲ្យបានឆាប់ចប់ ដើម្បីចាប់យកទីផ្សារកូរ៉េ សម្រាប់ការនាំកសិផលកម្ពុជា៕