នាយកវិទ្យាល័យជាស៊ីមសាមគ្គីបង្ហាញចក្ខុវិស័យអភិវឌ្ឍន៍កីឡា ដើម្បីឲ្យកាន់តែមានសក្តានុពល
ក្លិបកីឡាវិទ្យាល័យជាស៊ីមសាមគ្គី ដែលកំពុងលេចធ្លោ នៅក្នុងចំណោមវិទ្យាល័យនានា នៅរាជធានីភ្នំពេញ ជាពិសេសគឺប្រភេទកីឡាប៊ូល និងប៉េតង់ ដែលជាបេក្ខភាពជ័យលាភីចំណាត់ថ្នាក់លេខ១ តំណាងរាជធានីភ្នំពេញបានចូលរួមប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២ ខណៈ លោក ផាន់ ណិល នាយកវិទ្យាល័យជាស៊ីមសាមគ្គីបានបង្ហាញចក្ខុវិស័យក្នុងការខិតខំអភិវឌ្ឍវិស័យកីឡាប្រចាំវិទ្យាល័យឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត។
លោក ផាន់ ណិល នាយកវិទ្យាល័យជាស៊ីមសាមគ្គីមានប្រសាសន៍ថា វិទ្យាល័យជាស៊ីមសាមគ្គីមានប្រភេទកីឡាជាច្រើន ដែលខិតខំបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីឲ្យមានគុណភាពនិងបានចូលរួមប្រកួតថ្នាក់រាជធានី ក៏ដូចជាថ្នាក់ជាតិផងដែរ។
ប្រភេទកីឡានានា នៅវិទ្យាល័យនេះ មានដូចជាបាល់ទាត់បុរសនារី បាល់ទះបុរសនារី វាយកូនឃ្លីលើតុ និងកីឡាប៊ូល និងប៉េតង់ជាដើម។ អ្វីជាការកត់សម្គាល់របស់លោកនាយកវិទ្យាល័យ គឺក្លិបកីឡាវិទ្យាល័យ ជាស៊ីមសាមគ្គីមានការរីកចម្រើន ក្នុងរយៈពេល ៣-៤ឆ្នាំចុងក្រោយនេះ។
សម្រាប់ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលកំពុងប្រកួតពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២នេះ ក៏ក្លិបកីឡាប៉េតង់វិទ្យាល័យជាស៊ីមសាមគ្គីបានចូលរួមប្រកួតប្រជែងផងដែរ ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ១ តំណាងរាជធានីភ្នំពេញ នៅក្នុងចំណោម៥តំបន់ ដែលប្រកួតស្វែងរកជ័យលាភី នាពេលកន្លងមកនេះ។ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ ក្លិបប៉េតង់វិទ្យាល័យនេះចូលរួមប្រកួតលើវិញ្ញាសា ៣នាក់ទល់៣នាក់បុរស និងយុវជនក្រោមអាយុ១៥ឆ្នាំ ប្រកួតលើវិញ្ញាសាវាយយកពិន្ទុ និង៣នាក់ទល់៣នាក់។
ក្នុងនាមជាថ្នាក់ដឹកនាំវិទ្យាល័យជាស៊ីមសាមគ្គី លោកកំពុងបំផុសចលនាកីឡាជូនដល់សិស្សានុ សិស្ស ដោយក្រៅពីការសិក្សារបស់ពួកគាត់ យើងតែងតែលើកទឹកចិត្តឲ្យពួកគាត់ចូលរួមកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព និងបញ្ចៀសយុវជនចេញឆ្ងាយពីអំពើអបាយមុខផ្សេងៗ ក៏ដូចជាកសាងធនធានកីឡាករ កីឡាការិនីប្រចាំក្លិបកីឡារបស់លោកឲ្យកាន់តែសម្បូរបែប។
ជាមួយគ្នានោះ លោកនាយកវិទ្យាល័យ ក៏បានអំពាវនាវដល់យុវជន ប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីសុខភាពល្អ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជានាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត។
បន្ថែមពីលើនេះ ទស្សនៈវិស័យដ៏សំខាន់មួយទៀត ដើម្បីរួមចំណែកគាំទ្រដល់ដំណើរការរបស់កម្ពុជាឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង លោក ផាន់ ណិល មានក្តីសោមន្សរីករាយក្រៃលែង ដោយលោកនាយកប្តេជ្ញាចិត្តខ្ពស់ថា បច្ចុប្បន្ននេះ លោកលោកគ្រូ អ្នកគ្រូ គ្រូកីឡា និងសិស្សានុសិស្ស និងកីឡាករ កីឡាការិនីប្រចាំវិទ្យាល័យរបស់លោកកំពុងបំផុសការផ្សព្វផ្សាយពីមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជាកំពុងសម្រួចគោលដៅឆ្ពោះទៅរៀបចំ ការប្រកួតកីឡាស៊ីហ្គេម នេះកាន់តែជ្រួតជ្រាប និងរួមចំណែកដល់គោលដៅនេះឲ្យទទួលបានជោគជ័យ៕ ដោយ៖ ចាន់ វិចិត្រ








