សមាជិក សមាជិកាក្រុមការងារគណបក្ស គណបក្សក្រុង សង្កាត់ ឃុំ ភូមិប្រមាណ ៣០០នាក់ ចូលរួមកម្មវិធីទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១១
ខេត្តបាត់ដំបង៖ ឯកឧត្តម ទ្បេង ប៉េងទ្បុង អគ្គលេខាធិការរដ្ឋសភា ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១១ ជូនដល់សមាជិកសមាជិកានិងប្រជាពលរដ្ឋនៅសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីនេះបានរៀបចំធ្វើនៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សមាជិក សមាជិកាក្រុមការងារគណបក្សក្រុង សង្កាត់ ឃុំ ភូមិប្រមាណ ៣០០នាក់។
ឯកឧត្តម ទ្បេង ប៉េងទ្បុង បានថ្លែងកោតសរសើរចំពោះសកម្មភាពការងារកន្លងមកដែលស្រ្តីនៅក្នុងសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ បានកសាងសមិទ្ធផលជាច្រើនក្រោមកិច្ចរួបរួមសហការសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដែលអាចឈានទៅសម្រេចទិសដៅជាមួយរាជរដ្ឋាភិបាល។
ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ឱកាសទូលាយចំពោះស្រ្តីឱ្យចូលរួមការងារសង្គម នយោបាយ និងពាណិជ្ជកម្មជាដើម។ ស្រ្តីជាច្រើនបានកំពុងកាន់តួនាទីជាអ្នកសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងឯកជន ។ រាជរដ្ឋាភិបាលបានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ និងសង្គម គ្រួសារ និងសង្គមមិនអាចខ្វះស្ត្រីបានឡើយ។
ឯកឧត្តម ទ្បេង ប៉េងទ្បុង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរៀនរស់នៅជាមួយកូវីដ១៩ ដោយបន្តអនុវត្តរាល់វិធានការសុខាភិបាល “៣ការពារ ៣កុំ“ មិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះថា មេរោគកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី អូមីក្រុង បាននិងកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅឡើយ។ ឯកឧត្តមបានជំរុញប្រជាពលរដ្ឋនាំកូនចៅ តូចៗទៅទទួលវ៉ាក់សាំងបង្ការជំងឺនានា និងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីការពារសុខភាពកូនចៅខ្លួន និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលចូលក្នុងសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តម ទ្បេង ប៉េងទ្បុង និងក្រុមការងារ ផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់ស្រ្តី ដែលបានចូលរួម ក្នុងសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ជាការគោរព និងលើកទឹកចិត្តផងដែរ ៕ ដោយ៖ ហេង សម្បត្តិ










