សម្តេចក្រឡាហោម ស ខេង៖ អគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល កើតចេញពីកម្លាំងសាមគ្គីប្រកបដោយសទ្ធាជ្រះថ្លា
ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង មានប្រសាសន៍ថា សមិទ្ធផលប្រារព្ធពិធីសម្ពោធនាឱកាសនេះជាសមិទ្ធផលកើតចេញពីកម្លាំងសាមគ្គីប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មារតីជឿជាក់របស់សប្បុរសជនមកលើការដឹកនាំ គ្រប់គ្រងប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជា និងជំនឿទុកចិត្តមកលើក្រុមការងារគណបក្សខេត្តបាត់ដំបង និងស្រុកបវេល ក្នុងការគ្រប់គ្រង ចាត់ចែងធនធាននេះប្រកបដោយតម្លាភាព និងគុណភាព ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ។
ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំ ភូមិ និងសមាជិក សមាជិកា គណបក្ស ព្រមទាំងអ្នកគាំទ្រគណបក្សទាំងអស់ដែលបានរួមសាមគ្គីសហការគ្នាកសាងសមិទ្ធផលជាច្រើន ។
សម្ដេចក្រឡាហោម មានប្រសាសន៍រម្លឹកជូនអង្គពិធីអំពីស្ថានភាពភូមិសាស្រ្តស្រុកបវេល កាលពីអតីតកាល ជាពិសេសនៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលជាមួយកងទ័ពខ្មែរក្រហម រហូតមានការដាក់ចេញនយោបាយឈ្នះៗ ទើបស្រុកបវេលក៏ដូចជាកម្ពុជាទាំងមូល បានស្គាល់នូវសុខសន្តិភាព ដែលជាកត្តានាំមកនូវការអភិវឌ្ឍ និងរីកចម្រើន ៕ ដោយ៖ រ៉ាវុធ

















