សម្ដេចក្រឡាហោម៖ គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ដើម្បីប្រជាជន មានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ដើម្បីប្រជាជន ជាគណបក្សនយោបាយដែលមានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ជាគណបក្សនយោបាយមួយ ដែលមានវ័យចំណាស់ជាងគេ ជាគណបក្សមានអាទិភាពជាងគេក្នុងសង្គមកម្ពុជានារយៈពេលជាង៧០ឆ្នាំមកហើយ និងក៏ជាគណបក្សដែលសម្រេចបានស្នាដៃធំៗជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោមមានប្រសាសន៍បញ្ជាក់ថា ស្នាដៃធំៗទាំងនោះរួមមាន ការចូលរួមដណ្ដើមឯករាជ្យពីបារាំង ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការចរចាស្វែងរកការបង្រួបបង្រួមជាតិ និងការគាំទ្រដំណើរការបោះឆ្នោតឆ្នាំ១៩៩៣ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការផ្ដួចផ្ដើម និងអនុវត្តនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ការបន្តថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ដើម្បីបង្កឱកាសដល់ការអភិវឌ្ឍជាតិដូចបច្ចុប្បន្ន។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា សមិទ្ធផលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ជាសមិទ្ធផលកើតចេញពីកម្លាំងសាមគ្គីប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មារតីជឿជាក់របស់សប្បុរសជនមកលើការដឹកនាំ គ្រប់គ្រងប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជា និងជំនឿទុកចិត្តមកលើក្រុមការងារគណបក្សខេត្តបាត់ដំបង និងស្រុកបវេល ក្នុងការគ្រប់គ្រង ចាត់ចែងធនធាននេះប្រកបដោយតម្លាភាព និងគុណភាព។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម មានប្រសាសន៍រម្លឹកជូនអង្គពិធីអំពីស្ថានភាពភូមិសាស្រ្តស្រុកបវេល កាលពីអតីតកាល ជាពិសេសនៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលជាមួយកងទ័ពខ្មែរក្រហមរហូតមានការដាក់ចេញនយោបាយឈ្នះឈ្នះ ទើបស្រុកបវេល និយាយដោយឡែក និងទូទាំងប្រទេស និយាយជារួម បានស្គាល់នូវសុខសន្តិភាពទូទាំងប្រទេស ដែលជាកត្តានាំមកនូវការអភិវឌ្ឍ និងរីកចម្រើន ក្នុងនោះក៏មានស្រុកបវេលនេះដែរ។

សម្ដេចមានប្រសាសន៍ បន្តថាការរម្លឹកដល់អតីតកាលដ៏ឈឺចាប់ខ្លោចផ្សាពីអតីតកាល និងការខិតខំក្រោកឈរឡើងរួមគ្នាជម្នះដោះស្រាយបញ្ហាប្រឈម និងផលវិបាកនានាជាច្រើនរាប់មិនអស់រហូតធ្វើឱ្យមានការអភិវឌ្ឍស្រុកភូមិ និងប្រទេសជាតិដូចបច្ចុប្បន្ននេះ គឺអាស្រ័យដោយសារយើងទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើស បានត្រឹមត្រូវនូវគណបក្សនយោបាយ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ គឺគណបក្សប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជាស្រុកបវេល ក្រោមការចាត់ចែងរបស់ក្រុមការងារ និងគណបក្សនៅនឹងកន្លែង ព្រមទាំងការគាំទ្រពីក្រុមការងារ និងគណបក្សខេត្តបាត់ដំបង នឹងបន្តរួមគ្នាខិតខំប្រឹងប្រែងបន្ថែមទៀតនូវកិច្ចការទាំងអស់ដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងគណបក្ស ដោយសម្ដេចផ្ទាល់ក៏នឹងចូលរួមចំណែកគាំទ្រអស់ពីលទ្ធភាពដែរ៕

ដោយ៖ពលជ័យ

ads banner