ឯកឧត្តម សៅ សុភាព៖ លទ្ធផលល្អ នៃការសិក្សារបស់ប្អូនៗសិស្សានុសិស្ស មិនត្រឹមតែជាកិត្តិយសខ្លួនឯង គ្រួសារប៉ុណ្ណោះទេ តែជាមុខមាត់សង្គម និងប្រទេសជាតិ
ព្រះសីហនុ ៖ ឯកឧត្តម សៅ សុភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរៀនសូត្រទទួលបានលទ្ធផលល្អរបស់ប្អូនៗសិស្សានុសិស្ស មិនត្រឹមតែជាកិត្តិយសខ្លួនឯងគ្រួសារប៉ុណ្ណោះទេ តែជាមុខមាត់សង្គម និងប្រទេសជាតិទាំងមូល ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា២០២០-២០២១ នៃវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យ ហ៊ុន សែន កែវផុស ដែលទទួលបាននិទ្ទស A B C នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ។
ឯកឧត្តម សៅ សុភាព បានសម្តែងកាកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗសិស្សានុសិស្ស ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សារហូតទទួលបាននូវលទ្ធផលល្អប្រសើរ និងបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ ឆ្នាំ២០២២ ត្រូវបន្តការខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ។
សូមបញ្ជាក់ថា ៖ សិស្សានុសិស្សដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា២០២០-២០២១ នៃវិទ្យាល័យស្ទឹងហាវ ដែលទទួលបាននិទ្ទេស A មានចំនួន ១នាក់ និទ្ទេស B ចំនួន ២នាក់ និងនិទ្ទេស C ចំនួន ១៥នាក់ និងវិទ្យាល័យ ហ៊ុន សែន កែវផុស ទទួលបាននិទ្ទេស B ចំនួន ១នាក់ និងនិទ្ទេស C ចំនួន ៣នាក់ សរុប ២២នាក់ ៕ ដោយ៖ គ្រី សម្បត្តិ









