ឯកឧត្តម សៅ សុភាព៖ បេក្ខជនឈរឈ្មោះទាំងពេញសិទ្ធ និងបម្រុង ក្នុងស្រុកស្ទឹងហាវ និងក្រុមការងារត្រូវចុះពង្រឹងការងារតាមខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយរាល់បញ្ហាប្រឈម

ព្រះសីហនុ៖ ឯកឧត្តម សៅ សុភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខសមាជិកសមាជិកាគណបក្សឃុំកំពេញ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកជំទាវ ព្រំ សុភី អនុប្រធានក្រុមការងារ លោក ឆាយ សុគន្ធដា អនុប្រធានប្រចាំការ លោក ដាញ់ សេរី អនុប្រធានក្រុមការងារ និងលោក លោកស្រីសមាជិកសមាជិកាជាច្រើននាក់ទៀត ។

ឯកឧត្តម សៅ សុភាព បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ និងសូមឱ្យបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ថែរក្សាសុខភាពជាចម្បង ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលពីជម្ងឺកូវីដ១៩ ។

ឯកឧត្តម សៅ សុភាព ក៏បានក្រើនរំលឹកដល់បេក្ខជនឈរឈ្មោះទាំងពេញសិទ្ធ និងបម្រុង និងក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវបន្តចុះពង្រឹងការងារចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម រាល់បញ្ហាដែលកើតមាន ក៍ដូចជាពិនិត្យនិងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធសម្រាប់ការបោះឆ្នោតរបស់សមាជិកបក្ស ព្រមទាំងយកចិត្តទុកដាក់ក្នុងការកសាងកំលាំងបន្ថែម និងចេះរួបរួមគ្នា ពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្ស ដើម្បីទទួលបានលទ្ធផលជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុន ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំឲ្យបន្តចូលរួមអនុវត្តអនាម័យបរិស្ថាន ក៏ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមានសោភ័ណ្ឌភាព អនាម័យ ល្អ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនដឹកជញ្ជូនសំរាមផងដែរ ។ មិនតែប៉ុណ្ណោះ គ្រប់ផ្នែកពាក់ព័ន្ធសូមបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្រោយបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្តម សៅ សុភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងគណប្រតិភូ ក៏បានអញ្ជើញទស្សនកិច្ចវារីវប្បកម្មបង្គា(ចឹញ្ចឹមបង្គា) មួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិសាស្រ្តឃុំកំពេញ នៃស្រុកស្ទឹងហាវ ផងដែរ ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner